បុរសជាកម្មករម្នាក់ កំពុងធ្វើការដួលថ្មម៉ាបសង្កត់រហូតដល់ស្លាប់ ក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង
ភ្នំពេញ៖ បុរសជាកម្មករម្នាក់ បម្រើការក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង ត្រូវថ្មម៉ាបដួលសង្កត់ពីលើរហូតដល់ស្លាប់ ខណៈពេលកំពុងតែធ្វើការ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឹម បូណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ។ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើការ ដោយបានលីថ្មម៉ាបមួយផ្ទាំងធំ ហើយមិនដឹងមូលហេតុអ្វី ស្រាប់តែដួល បណ្តាលឱ្យថ្មម៉ាបនោះសង្កត់ពីលើចំក្បាលស្លាប់មួយរំពេចនៅកន្លែងកើតហេតុភ្លាមៗតែម្តង។ ជនរងគ្រោះមានប្រពន្ធ និងកូនតូចៗចំនួនពីរនាក់ រស់នៅជាមួយគ្នាក្នុងបន្ទុកគ្រួសារ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យ និងធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តពោធិ៍សាត់៕ ដោយ/ ឆៃហួត និងប៊ុនធី