ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កំពុងមានសត្វជើងចំពាមនិងសត្វស្លាបច្រើនប្រភេទរស់នៅ

ដោយ​៖​ម៉ា​ដេប៉ូ​
​រាជធានី​ភ្នំពេញ​៖​បច្ចុប្បន្ននេះ​មាន​សត្វ​ប្រភេទ​ជើង​ចំ​ពាម​ដ៏​កម្រ ប្រមាណ​២៦​ប្រភេទ និង​សត្វ​ស្លាប​ជាង​១៦០​ប្រភេទ​ផ្សេងទៀត​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ស្ថិតនៅ​ស្រុក​សង្គម​ថ្មី នៅក្នុង​ខេត្ត ព្រះវិហារ​ដែល​ក្រសួងបរិស្ថាន​បានផ្តល់​កិច្ចសហការ​អភិរក្ស​ដ​ល់​គម្រោង​ប៊ី​ទ្រី (Be Treed) ជាមួយ​លោក បេន ដេ​វី​ស ជនជាតិ​អាមេរិក​។​


​ ​ឯកឧត្តម នេត្រ ភក្ត្រា ជា​មន្ត្រី​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទស្សនកិច្ច​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​កាលពី​ថ្មីៗ​មកនេះ​បានឱ្យដឹងថា​
​នៅទីនេះ​មាន​ព្រៃឈើ​ថែរក្សា​បាន​យ៉ាង​ល្អ ហើយ​ក្រៅពីនេះ​ក៏មាន​សត្វ​កម្រ​មួយចំនួន​ក៏មាន​រស់នៅ​តំបន់​នេះដែរ ដូចជា​សត្វ​ទន្សោង សត្វ​ឈ្លូស ជ្រូកព្រៃ ក្ងោក មាន់ព្រៃ សត្វ​ស្វា សត្វ​ទោច និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត​កំពុង​រស់នៅ​ទីនោះ​យ៉ាង​សុខសាន្ត​ក្រោម​ការមើល​ខុសត្រូវ​ដោយផ្ទាល់​ពី​សំណាក់​លោក​បេន​ដេ​វី​ស ជនជាតិ​អាមេរិក​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​សត្វ​ទាំងនេះ​យើង​ចាំបាច់​ត្រូវការពារ និង អភិរក្ស ជា​ចាំបាច់​ពីព្រោះ​ជាស​ត្វ​កម្រ​និង​មានតម្លៃ​បំផុត​មិនអាច​កាត់ថ្លៃ​បានឡើយ​។​ក្រៅពីនេះ​សត្វ​ទាំងអស់នេះ​វា​ក៏មាន​តម្លៃ​យ៉ាង​លើសលប់​ដល់​វិស័យ​ទេសចរណ៍ធម្មជាតិ ហើយ​បច្ចុប្បន្ន​ភ្ញៀវទេសចរ​បាន​ទៅកាន់​ទីនោះ​ជា​បណ្តើរៗ​ហើយ​។​
​ ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បញ្ជាក់ថា​”​បើ​យើង​មកដល់​ទីនេះ​មាន​សត្វ​នៅក្បែរៗ​យើង​ច្រើន​ក្នុងនេះ​សត្វ​ដែល​យើង​អាច​ទស្សនា​ដោយផ្ទាល់​ភ្នែក​បាន​មានដូចជា​សត្វ​ទោច​ម្កុត សត្វ​ស្វា សត្វ​ក្ងោក​និង​សត្វ​មួយចំនួនទៀត​។​ក្រៅពីនេះ​គេ​ក៏​អាច​ជិះ​ខ្សែ​រ៉​ត​លើ​ភ្នំ​ត្នោត​ដែល​គយគន់​ទេសភាព​ដ៏​ល្អ​ឯក​ពី​កំពូលភ្នំ​យ៉ាង​សប្បាយរីករាយ​”​។​


​ឯកឧត្តម​បាន​បន្ថែមថា​ក្នុង​កិច្ចការពារ​អភិរក្ស​នេះដែរ ក្រសួងបរិស្ថាន​កំពុង​សហការ​ជាមួយ​ដៃគូ​ក្នុងនេះ​ដូចជា​គម្រោង USAID ព្រៃ​ឡង់​បៃតង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ដៃគូ​ក្នុង​វិស័យ​ឯកជន​ដទៃទៀត​។​


​ ​លោក បេន​ដេ​វី​ស ជា​ជនជាតិ​អាមេរិក និង​ភរិយា​គាត់​ជា​ជនជាតិ​អូស្ត្រាលី​បាន​ចូលរួម​ការពារ​និង​អភិរក្ស​ព្រៃឈើ​សត្វព្រៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជារ​យៈ​ពេល​ជាង​២០​ឆ្នាំ​ហើយ រហូត​បាន​បង្កើតជា​តំបន់​អភិរក្ស​សត្វ​និង​ព្រៃឈើ​នៅ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នៅ​ខេត្តព្រះវិហារ​នេះ​បានឱ្យដឹងថា​លោក​បាន​ស្ម័គ្រចិត្ត​មក​ចូលរួម​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ​បន្ទាប់ពី​មើលឃើញ​តំបន់​នេះ​សំបូរ​ទៅដោយ​សត្វ​ច្រើន​ប្រភេទ​រូ​ចមក​។
​ជាមួយនឹង​ការលះបង់​មក​រស់នៅ​ក្នុងព្រៃ​ជាមួយ​ប្រពន្ធ​កូន​ដើម្បី​បុព្វហេតុ​ការពារ​សត្វព្រៃ​និង​ព្រៃឈើ​នៅ​កម្ពុជា​បុរស​ជនជាតិ​អាមេរិក​រូបនេះ​បានបញ្ជាក់​ប្រាប់​ដែរ​ថា​«​សត្វព្រៃ​និង​ព្រៃឈើ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើងទាំងអស់គ្នា សម្រាប់​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​វិស័យ​ទេសចរណ៍​។ ហេតុនេះ​ខ្ញុំ​ចាំបាច់​ត្រូវតែ​ចូលមក​ការពារ​តំបន់​នេះ​»​។


លោក​បានឱ្យដឹងថា​នៅ​តំបន់​នេះ​បច្ចុប្បន្ន​មាន​សត្វព្រៃ​ច្រើន​ប្រភេទ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​នេះ​សំបូរ​ទៅដោយ​សត្វ​ច្រើន​ប្រភេទ​និង​សត្វ​កម្រ​បំផុត​ក្នុង​លោក​ក្នុងនេះ​ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ សត្វ​ស្វា ក្ងោក មាន់ព្រៃ​និង​សត្វ​ជាច្រើន​ទៀត​កំពុងមាន​វត្តមាន​ច្រើន​នៅទីនេះ​។​
​ ​លោក​ថា​”​សត្វ​ទាំងអស់នេះ​វា​កំពុង​រស់នៅ​ទីនេះ ហើយ​ខ្ញុំ​ចង់​ប្រែក្លាយ​ទីនេះ​ឱ្យទៅជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដើម្បីឱ្យ​ឱ្យ​ពួកគាត់​បាន​ស្គាល់​ពី​សត្វព្រៃ​និង​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ទីនេះ​”​។​


​ ​គួរបញ្ជាក់​ថាបើ​តាម​លោក បេន​ដេ​វី​ស ជា​ជនជាតិ​អាមេរិក បានឱ្យដឹង​ដែរ​ថា​បច្ចុប្បន្ន​តំបន់​ការពារ​ព្រៃឈើ​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​ខេត្តព្រះវិហា​កន្លែង​នេះ​មាន​ទំហំ​ដី​ប្រមាណ​ជាង ៤២០០០​ហិកតា​។​ក្នុងចំណោម​នេះ​ចែកចេញជា​៤​តំបន់​គឺ​តំបន់​ទី​១​ជា​តំបន់​ស្នូល​ដែលមាន​ចំនួន​១​ម៉ឺន​ហិកតា ក្រុម​លោក អាច​ការពារ​បាន​ប្រមាណ ៩៩​ភាគរយ តំបន់​ទី​២​ដែលមាន​ចំនួន ១​ម៉ឺន​ហិកតា​ទៀត​ការពារ​បាន​ប្រមាណ​៧៥​ភាគរយ តំបន់​ទី​៣​ដែលមាន​ចំនួន​១​ម៉ឺន​ហិកតា ការពារ​បាន​ប្រមាណ​៥០​ភាគរយ និង តំបន់​ទី​៤ អាច​ការពារ​បាន​ចំនួន​តិចតួច​នៅឡើយ​ទេ​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner