មានគម្រោងជិះកង់លេងនៅលើទឹកដីអង្គរ? ទាំងនេះជាអ្វីដែលអ្នកគួរដឹង…

អត្ថបទដោយ៖
AMS

នរណាៗក៏និយាយអំពីការជិះកង់ដែរ ពេលមកលេងសៀមរាបម្តងៗ​ គ្រាន់តែអ្នកខ្លះ ប្រហែលជាមិនទាន់ធ្លាប់បានសាកល្បងហ្នឹងគេ។ បើសិនជាត្រូវការព័ត៌មាន ក៏ដូចជាគន្លឹះខ្លះៗទាក់ទងនឹងដំណើរត្រាច់ចរក្នុងក្រុងសៀមរាបជាមួយនឹងកង់នោះ សូមស្វែងយល់តាមរយៈប៉ុន្មានចំណុចខាងក្រោមនេះ…

Credit : Cambo Tours & Travel

អ្វីគួរត្រៀម
អ្វីដែលសំខាន់​ គឺសម្លៀកបំពាក់ និងស្បែកជើង ដែលធ្វើឲ្យអ្នកមានផាសុកភាពក្នុងការធាក់កង់ក្នុងរយៈចម្ងាយដែលអ្នកគ្រោងទុក។ បន្ទាប់មក គួរតែជាសម្ភារៈសង្គ្រោះបឋមខ្លះៗ ដើម្បីទុកបម្រុងករណីមានបញ្ហាអ្វីកើតឡើង ដូចជា ប្រេងរឹត ជាដើម។

ការជួលកង់
មានកន្លែងមួយចំនួនដែលអ្នកអាចស្វែងរកបាននៅលើហ្វេសប៊ុក ឬគេហទំព័រផ្សេងៗ ហើយកន្លែងខ្លះមានសេវាយកជូនដល់កន្លែងស្នាក់នៅរបស់អ្នកទៀតផង។ តម្លៃកង់ប្រភេទមាំ​បែប​ស្ព័រ ជាទូទៅតម្លៃ៤-៥$/ ថ្ងៃ និងកង់ធម្មតា តម្លៃ២-៣$/ថ្ងៃ ហើយធម្មតាតម្រូវឲ្យអ្នកដាក់អត្តសញ្ញាណប័ណ្ណនៅកន្លែងគេសិន ដល់ពេលយកកង់ឲ្យគេ ទើបគេឲ្យមកវិញ។

Credit : Viator

ប៉ុន្តែ…កុំភ្លេចសួរអំពីម៉ោងបិទរបស់កន្លែងគេផង ដើម្បីស្រួលសារ៉េម៉ោងត្រឡប់មកវិញ ហើយកន្លែងខ្លះ គេគិតថ្លៃសម្រាប់២៤ម៉ោងតែម្តង អញ្ចឹងហើយ បើម៉េចម៉ា អ្នកអាចយកឲ្យគេនៅថ្ងៃបន្ទាប់ក៏បានដែរ។

មិនថាមានកិច្ចសន្យាជួល ឬអត់ទេ​ ត្រូវដឹងច្បាស់ជាមុនអំពីករណីមានបញ្ហាផ្សេងៗដូចជា កង់មានបញ្ហាតាមផ្លូវ បាត់កង់ ជាដើម។

Credit : Take Me Tour

ការជ្រើសរើសកង់
មិនសូវខុសពីការរើសសៀវភៅប៉ុន្មានឡើយ…កុំមើលតែសម្បកក្រៅ ត្រូវឡើងជិះសាកមើលផង ដើម្បីឲ្យដឹងថា ដាក់កែបខ្ពស់ប៉ុណ្ណាទើបស្រួលជិះ? កង់ត្រូវតឹងកម្រិតណាបានជិះទៅមិនរលាក់ ឬតឹងពេក? ហ្រ្វាំងស៊ី ឬអត់? កែបកង់ជិះយូរ ឈឺសាច់ឬអត់? មុខងារកង់ទាំងអស់ដំណើរការល្អ ឬទេ? មានភ្លើងបំភ្លឺ ករណីជិះផ្លូវងងឹតអត់?

ចំណុចសំខាន់មួយទៀត គឺការពារប្រសើរជាងព្យាបាល…កុំភ្លេចសួររកសោរសម្រាប់ចាក់រក្សាសុវត្ថិភាព​ពេលចតកង់ទុកនៅកន្លែងដែលឈប់ផង…

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner