កម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សរណៈលើការបញ្ជូនពលករទៅកូរ៉េ លើកទី៦

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១ បានចុះហត្ថលេខាបន្តអនុស្សរណយោគយល់គ្នា ស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី៦។

រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបញ្ជាក់ពីសាវតានៃការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) គឺកើតឡើងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ ដែលបានចុះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០០៦ ដែលក្នុងនោះមានគណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរនិងការងារនៃសាធារណរដ្ឋកូរ៉េ ជាប្រតិបត្តិករ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមនៃការបញ្ជូនមក កម្ពុជាតែងតែជាប់ចំណាប់ថ្នាក់ល្អជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ។

បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅសាធារណរដ្ឋកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពក្នុងការបញ្ជូន ដោយសារកម្ពុជាមានស្ថានភាពកូវីដ-១៩ល្អប្រសើរ មានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជាខុសច្បាប់មានកំរិតទាប បើធៀបជាមួយប្រទេសបញ្ជូនផ្សេងទៀត។ តាមទិន្នន័យផ្លូវការ គិតចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦ម៉ឺន៨ពាន់២៩៤នាក់ ក្នុងនោះមានស្រី ១ម៉ឺន៤ពាន់២៥៥នាក់ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុង វិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ឆ្នាំ ១០ខែ។ បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានចំនួនប្រមាណ ៤ម៉ឺន៥ពាន់៤៦២នាក់ ស្រី ១ម៉ឺន១៨៣នាក់៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner