ចំណាយលុយជាង 25 ម៉ឺនដុល្លារតាំងពី15 ឆ្នាំមុនដើម្បីអាចធ្វើដំណើរទៅទីអវកាសតាមក្តីសុបិន្ត
បរទេស៖ ទីបំផុតក្តីស្រម៉ៃរបស់លោកស្រី Ketty Maisonrouge ដែលបានរង់ចាំអស់រយៈពេលជាង15 មកហើយ
នោះបានក្លាយទៅជាការពិតហើយដោយលោកស្រីកំពុងត្រៀមខ្លួនក្នុងការធ្វើដំណើរចេញពីភពផែនដីចូលទៅក្នុងលំហអាកាសនៅពេលខាងឆាប់ៗខាងមុខនេះ។
សាស្ត្រាចារ្យសកលវិទ្យាល័យវ័យ 61 ឆ្នាំរូប លោកស្រី Ketty Maisonrouge បានចុះឈ្មោះដំបូងជាមួយនឹងគម្រោងហោះហើរនេះតាំងតែពីឆ្នាំ2005សម្រាប់តែការហោះហើរចូលទៅដល់ទីអវកាសក្នុងរយៈពេលតែ 5 នាទីប៉ុណ្ណោះជាមួយនឹងការចំណាយប្រាក់ប្រមាណ 250,000 ដុល្លារទៅឲ្យក្រុមហ៊ុន Virgin Galatic។
នៅសប្តាហ៍នេះក្រុមហ៊ុនស្រាវជ្រាវអវកាសអាមេរិកមួយនេះបានប្រកាសថា ការហោះហើរទី 1 នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2021នេះហើយ ដែលវាជាការបំពេញក្ដីសុបិនរបស់លោកស្រី Ketty Maisonrouge។ទោះបីជាយ៉ាងណាក្តីសម្រាប់ការហោះហើរលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Virginនឹងត្រូវបានគេជឿជាក់ថាស្ថាបនិករបស់ក្រុមហ៊ុនគឺលោក Sir Richard Branson នឹងក្លាយជាមនុស្សដំបូងគេដែលអាចទទួលបានបទពិសោធន៍នេះ ។
ប្រសិនបើមិនមានអ្វីរារាំងផែនការដើមទេនោះ Virgin Galatic នឹងក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងបំផុតលើលោកក្នុងការបម្រើសេវាកម្មធ្វើដំណើរបែបទេសចរណ៍ទៅកាន់ទីអវកាស។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា មកដល់ពេលនេះមានមនុស្សប្រមាណជា 600 នាក់ហើយដែលបានចុះឈ្មោះទិញសំបុត្រក្នុងការធ្វើដំណើរនេះ ដោយក្នុងនោះក៏មានទាំងតារាល្បីៗដូចជា Justin Bieber និង លោក Leonardo DiCaprio ផងដែរ។
នៅក្នុងការផ្តល់សេវាទេសចរណ៍ក្រៅភពផែនដីនេះក៏មានក្រុមហ៊ុនប្រជែងផ្សេងទៀតដែរ ដូចជា Blue Origin របស់ Amazon ក៏បានប្រកាសដែរថា ការធ្វើដំណើរទៅលំហអាកាសបែបទេសចរណ៍នេះក៏អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះដូចគ្នា ខណៈដែល SpaceX របស់លោក Elon Musk ធ្លាប់ប្រកាសថា មហាសេដ្ឋីពាន់លានដុល្លារជនជាតិជប៉ុនម្នាក់បានចុះឈ្មោះក្នុងផែនការធ្វើដំណើរចូលអវកាសនេះផងដែរ៕