ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់ទុកការលក់ចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋ នៅតំបន់ទន្លេសាប តាមរយៈការផលិតចម្រោះទឹកស្អាត ប្រកបដោយគុណភាពខ្ពស់អាចនិងជួយដល់សុខភាព-អនាម័យ និងកាត់បន្ថយ នូវកាកសំណល៎សំបកដបជ័រប្លាស្ទិក នៅក្នុងទឹក
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានចាត់ទុកការតម្លើងនិងបំពាក់នូវម៉ាស៊ីនចម្រោះទឹកស្អាត ប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្តង់ដារនៅចំណុចបឺងទន្លេសាប ក្នុងឃុំកោះជីវាំងនៃ ស្រុកឯកភ្នំ ខេត្តបាត់ដំបង តាមរយៈក្រសួងបរិស្ថានគឺជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះ ប្រមាណជាង ២.០០០គ្រួសារ ស្មើនិងមនុស្សរាយ១៣.២៨២នាក់ ទទួលបាននូវទឹកស្អាតប្រើប្រាស់និងហូបចុកប្រកបដោយគុណភាពនិងធានាដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទីនេះ និងកាត់បន្ថយបាន នូវ កាកសំណល់ដបជ័រវត្ថុប្លាស្ទិក និងសំបកកំប៉ុងនានា ដែលបងប្អូនបានប្រើប្រាស់និងបោះចោលក្នុងទឹក ក្នុងបឹងទន្លេសាបកន្លងមក។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញពិនិត្យមើលទីតាំងផលិតទឹកស្អាតតាមរយៈម៉ាស៊ីនចម្រោះទឹកស្អាត របស់ក្រសួងបរិស្ថានដែលទើបតែតម្លើងនិងបំពាក់រួចរាល់កន្លងទៅ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ នៅមុនពេលដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋ ចំនួន៦០០គ្រួសារ រស់នៅក្នុងឃុំកោះជីវាំង កាលពីថ្ងៃ០១ខែ កុម្ភៈកន្លងទៅនេះ។
តាមការគូសបញ្ជាក់ពីលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងថា៖ម៉ាស៊ីនចម្រោះទឹកស្អាតដែលបំពាក់ដោយក្រសួងបរិស្ថាននៅចំណុចបឹងទន្លេសាបភូមិសាស្ត្រខេត្តបាត់ដំបងនេះ គឺផ្តោតសំខាន់ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋរស់នៅតំបន់នេះឲ្យមានទឹកស្អាតប្រើប្រាស់និងហូបចុកហើយទឹកចម្រោះនេះមានគុណភាពល្អប្រកបដោយគុណភាពនិងអនាម័យខ្ពស់កម្រិតស្តង់ដារ។ហើយក៏ជាម៉ាស៊ីនខ្នាតធំនិងជាបច្ចេកវិជ្ជាចុងក្រោយ របស់ប្រទេសចិនតៃវ៉ាន់ ផងដែរ។ម៉ាស៊ីនចម្រោះទឹកស្អាតនេះ អាចផលិតទឹកស្អាតក្នុង១ថ្ងៃ នៃ រយៈពេលចម្រោះទឹក១២ម៉ោង គឺស្មើជាង ២ម៉ឺនលីត្រ។ជាមួយតម្រូវការ ប្រើប្រាស់ទឹកស្អាតនៅក្នុងឃុំនេះ គឺក្នុង១ថ្ងៃ ប្រមាណពី ២ ទៅ ៤ពាន់លីត្រប៉ុណ្ណោះ។ហើយទឹកស្អាតដែលផលិតបាននេះ គឺលក់ជូនប្រជាពលរដ្ឋ ក្នុង១ធុងចំណុះ២០លីត្រ ក្នុងតម្លៃត្រឹមតែ ៥០០រៀល ប៉ុណ្ណោះ។ដោយក្នុងនោះបងប្អូនត្រូវយកធុងទឹកមកដាក់ទឹកដោយខ្លួនឯង។លោក កត បូរ៉ាន ក៏បានលើកឡើងបន្ថែមទៀតថា៖ នៅពេលដែលបងប្អូន ងាកមកពិសារទឹកចម្រោះ និងប្រើប្រាស់ទឹកនេះ វាគឺ៖ ជាការជួយរួមចំណែកក្នុងការកាត់បន្ថយទប់ស្កាត់នូវកាកសំណល់សំបកដបជ័រ សំណល់ពីប្លាស្ទិកឬសំបកកំប៉ុងនានា ដែលបងប្អូនប្រើប្រាស់និងបោះចោលរាយប៉ាយទៅក្នុងទឹក កន្លងមក។
លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បន្ថែមឲ្យដឹងទៀតថាការផ្តល់និងបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតខ្នាតធំនៅទីនេះគឺ៖ ផ្តោតនូវគោលការណ៍សំខាន់៤ ដោយក្នុងនោះ១.ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ២.វិធានការកាត់បន្ថយនិងទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក។ ៣.ជួយសម្រាលនិងលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីនោះ។ ៤.បំផុសនិងជម្រុញលើកទឹកចិត្ត ក្នុងការប្រមែប្រមូល ចេះទុកដាក់កាកសំណល់ប្លាស្ទិករាយប៉ាយ ឲ្យមានរបៀបរៀបរយឡើងវិញ។និងតាមរយៈការប្រមូលសំបកដបនិងកាកសំណល់ប្លាស្ទិកទាំងនោះ មកប្តូរយកទឹកស្អាតទៅប្រើប្រាស់ជំនួសវិញដោយឥតគិតថ្លៃផងដែរ ។
ឯកឩត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានចាត់ទុកម៉ាស៊ីនចម្រោះទឹកស្អាតនៅទីនេះនិងជួយទ្រទ្រង់ដល់សុខភាពនិងលើកកម្ពស់បរិស្ថានក្នុងផ្ទៃទឹកតំបន់បឹងទន្លេសាបបានប្រសើរមួយកម្រិតទៀត ដោយសាបងប្អូនងាកមកប្រើប្រាស់ និងពិសារទឹកស្អាតប្រកបដោយអនាម័យខ្ពស់ និងមានគុណភាពស្តង់ដារក្នុងការថែទាំសុខភាពរបស់បងប្អូនពីជម្ងឺផ្សេងៗ។ហើយអ្វីដែលផ្តោតសំខាន់គឺការចូលរួមក្នុងការទប់ស្កាត់ និងលុបបំបាត់នូវកាកសំណល់ប្លាស្ទិកនៅក្នុងស្ទឹងនិងបឹងទន្លេសាប និងបញ្ចៀសពីការគោករាក់ទៅថ្ងៃអនាគត និងថែមទាំងជម្រុញឲ្យបឹងទន្លេសាបមានធនធានមច្ឆជាតិសំបូរឡើងវិញ ដោយមិនមានការរំខាន និង ពីការបំពុលដោយកាកសំណល់ផ្សេងៗ ទៅក្នុងទឹកទៀត។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម អភិបាលខេត្តបាត់ដំបង រួមជាមួយភ្ញៀវនិងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនាបន្ទាយសត្វស្លាបដែលស្ថិតនៅតំបន់រ៉ាមសារព្រែកទាល់ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ របស់ ខេត្តបាត់ដំបង ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )