ទន្លេស្រែពកខេត្តមណ្ឌលគិរីគឺជាតំបន់សម្បូរទៅដោយសក្តានុពលធនធានធម្មជាតិនិងទេសភាពដ៏ស្រស់ត្រកាល

ដោយ៖ម៉ាដេប៉ូ

ខេត្តព្រះវិហារ៖តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែកពក មានទីតាំងភូមិសាស្ត្រ ក្នុងខេត្តមណ្ឌលគិរី ដែលមានផ្ទៃដីសរុបជាង៣សែន៧ម៉ឺនហិកតាគឺជាតំបន់មួយដែលសម្បូរសក្តានុពលធម្មជាតិនិងទេសភាពដ៏ស្រស់ត្រកាលគួរជាទីទាក់ទាញផ្នែកទេសចរណ៍។

         នៅទីកន្លែងនេះអ្វីដែលជាចំណុចលេចធ្លោមួយទៀតនោះគឺទន្លេស្រែពកដែលសម្បូរទៅដោយត្រីច្រើនប្រភេទនិងពិសេសជាងនេះនៅមានសត្វក្រពើភ្នំដែលជាសត្វកម្រលើលោកទៀតផង។នៅតាមដងទន្លេកន្លែងនេះមានធនធានធម្មជាតិដ៏ស្រស់ត្រកាលបង្ហាញនូវគ្មានអ្នកបៀតបៀនឬចូលទៅបំផ្លាញនោះឡើយ។

          ទោះបីយ៉ាងណាតំបន់មួយនេះត្រូវបានគេចាត់បញ្ចូលជាតំបន់ស្នូលនៃតំបន់អភិរក្សធនធានធម្មជាតិមិនអនុញ្ញាតឱ្យពលរដ្ឋចូលបានឡើយ។ទីកន្លែងនេះមានតែមន្រ្តីឧទ្យានុរក្សនិងមន្រ្តីពាក់ព័ន្ធរួមគ្នាការពារព្រៃឈើនិងសត្វព្រៃ មិនឱ្យជនខិលខូចចូលបំផ្លិចបំផ្លាញប៉ុណ្ណោះ។

          ក្រុមមន្ត្រីឧទ្យានុរក្សនិងមន្រ្តីសត្វនុរក្សប្រចាំការនៅតំបន់ស្រែពកបានឱ្យដឹងថាក្នុងទន្លេស្រែពកសម្បូរទៅ ដោយត្រីគ្រប់ប្រភេទ ពិសេសត្រីក្អែកមានច្រើនបំផុត។នៅតាមទន្លេនេះគេគ្រាន់តែដាក់សន្ទូចឬបង់សំណាញ់តែបន្តិចនោះនឹងបានត្រីមកទុកបរិភោគមិនខ្វះឡើយ។

ក្រៅពីនេះទន្លេស្រែពកក៏ជាទីជម្រករបស់សត្វកម្រច្រើនប្រភេទក្នុងនេះរួមមានដូចជា៖ក្រពើភ្នំ ភេ អន្លង់ត្រីត្រសក់ សត្វស្វា ជាពិសេសតាមដងទន្លេនេះមានអមទៅដោយដើមឬស្សី ដើមឈើទាលយ៉ាងច្រើនដុះត្រៀបត្រាហាក់លម្អរតាមដងមាត់ទន្លេឱ្យរឹងរឹតតែស្រស់ស្អាតដើម្បីឱ្យអ្នកទេសចរទស្សនាមិនចេះនឿយហត់។

    ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្រ្តា ជាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន

និងថ្នាក់ដឹកនាំនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)ដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចតំបន់ជម្រកសត្វព្រៃស្រែពកកាលពីថ្មីៗមកនេះបានដឹងថាតាមការសិក្សាស្រាវជ្រាវបានបង្ហាញថានៅតាមដងទន្លេកន្លែងស្ងាត់ស្ងៀមមួយនេះមានវត្តមានដានក្រពើភ្នំនៅចន្លោះប្រមាណ២០ទៅ២៥ក្បាល។

ក្រៅពីនេះនៅតាមព្រៃដងមាត់ទន្លេគេឃើញវត្តមានសត្វពានរមួយចំនួនដូចជាស្វាព្រាម ស្វាស្រូវ សត្វកេងកង ស្មោញ និងវត្តមានក្អែកទឹកជាដើម។

       គួរបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់ បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner