ស្នងការនគរបាលរាជធានីភ្នំពេញ ជម្រុញឱ្យកម្លាំង នគរបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់នៅរដូវបុណ្យ ចូល ឆ្នាំ ប្រពៃណីជនចិន-វៀតណាម ធានាឱ្យបាន សុខសុវត្ថិភាពគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងជម្រុញកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវពង្រឹងសន្តិសុខ ការពារថែរក្សាសណ្តាប់ធ្នាប់នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម នៅពេលខាងមុខនេះដោយធានាឱ្យបានសុខសុវត្ថិភាពគ្រប់គ្រាន់ទាំងអាយុជីវិតនិងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយរីករាយ។ក្នុងនោះអនុវត្តវិធានការស្រាវជ្រាវបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងត្រៀមអន្តរាគមន៍ទៅលើបបញ្ហាអគ្គីភ័យដែលនឹងកើតឡើងដោយប្រការណាមួយនោះ។
ការថ្លែងជម្រុញកម្លាំងនគរបាលរាជធានីភ្នំពេញបង្កើនការពារពង្រឹងសន្តិសុខពីសំណាក់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅក្នុងពីធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១៧រូបដែលរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ដែលជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិក។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ផងដែរ។
នៅក្នុងពិធីនេះផងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានដាក់បទបញ្ជាចាត់វិធានការទប់ស្កាត់ចំពោះក្មេងទំនើង ដែលដុតប៉ាវរឺជិះម៉ូតូបង្កសម្លេងលើសកម្រិតរំខានដល់ប្រជាពលរដ្ឋនិងបង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ដោយការអនុវត្តចំពោះក្មេងទំនើងត្រូវធ្វើឱ្យបានម៉ឺងម៉ាត់អនុវត្តឱ្យបានត្រឹម្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកមិនត្រូវយោគយល់ក្មេងទំនើងបង្កទាំងនោះជាកូនអ្នកមាន អ្នកតូច រឺអ្នកធំណានោះឡើយ។
សូមបញ្ជាក់ថាមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិសរុប២១៧រូប ។ក្នុងនោះប្រកាសមុខតំណែង៨៦រូបនិងតំឡើងឋានន្តរសក្តិ១៣១រូប។ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចលោកស្នងការរង០៥រូប,ថ្នាក់នាយរងការិយាល័យជំនាញ២៦រូប,ថ្នាក់អធិការរង៣១រូប,ថ្នាក់នាយផ្នែកការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌចំនួន១៨រូបនិងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល០៥រូបនិងបានប្រកាសតំឡើងឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក០៥រូប,ថ្នាក់វរសេនីយ៍ទោ៤៨រូបនិងថ្នាក់វរសេនីយ៍ត្រី៧៧រូប៕វិច្ឆការ