ទិវាតំបន់ដីសើម ពិភពលោកឆ្នាំ២០២១ ឆ្នំានេះ ក្រសួងបរិស្ថាន ជ្រើសរើសយកស្រុកបុរី​អូរ​ស្វាយ​សែនជ័យ ខេត្តស្ទឹងត្រែង ធ្វើជាទីតំាង

អត្ថបទដោយ៖
ជា សេឌី

ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរខេត្តស្រុក បានរៀបចំទិវាតំបន់​ដីសើមពិភព​លោក ០២ កុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត ។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងជាខេត្តមួយស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា ដែលសម្បូរទៅ​ដោយសម្បត្តិធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងរ៉ែ ក៏ដូចប្រព័ន្ធទន្លេដ៏មានសារៈសំខាន់ បានបង្កើតនូវប្រព័ន្ធអេកូឡូស៊ី ទឹកសាបមួយដ៏ចម្បងសម្រាប់មច្ឆាជាតិ និងបានផ្តល់ជាទេសភាពយ៉ាងល្អប្រណិតសម្រាប់ទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ហើយខេត្តស្ទឹងត្រែងមានតំបន់រ៉ាមសារមួយកន្លែង ដែលជាតំបន់ដីសើម មានសារៈសំខាន់ជាលក្ខណៈអន្តរជាតិ ដោយតំបន់នេះ ស្ថិតនៅចំងាយ៥គីឡូម៉ែត្រ ពីទីរួមខេត្ត និងលាតសន្ធឹងតាមបណ្តោយនៃដងទន្លេមេគង្គ ពីត្បូង ទៅជើង រហូតដល់ព្រំប្រទល់ប្រទេសឡាវ ។ ជាតំបន់សំបូរដោយព្រៃលិចទឹក ដែលជាជម្រកដ៏សំខាន់ និងជាជង្រុកចំណីអាហារដ៏សម្បូរបែបរបស់ពពួកថនិកសត្វ និងសត្វស្លាប មច្ឆាជាតិ និងជីវចម្រុះជាច្រើនទៀតផងដែរ ។

លោក អេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានមានប្រសាសន៍ ថា ការរៀបចំប្រារព្ធទិវាតំបន់ដីសើម នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធទៅនិងតំបន់ដីសើម និងជីវៈចម្រុះដល់សាធារណៈជនគ្រប់វិស័យ និងបង្កើនស្មារតី ក្នុងការជួយការពារថែរក្សាធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ជាពិសេសតំបន់រ៉ាមសារខេត្តស្ទឹងត្រែង ។

លោកប្រធានមន្ទីរបន្តថា  ទិវាតំបន់ដីសើម២កុម្ភៈ និងធ្វើឲ្យមានការរីកចម្រើនខាងស្មារតី ដោយយល់ពីតម្លៃសេដ្ឋកិច្ច និងសារៈប្រយោជន៍តំបន់ដីសើម ព្រមទាំងចេះស្រឡាញ់ការពារតំបន់ដីសើម ចេះស្រឡាញ់ព្រៃលិចទឹក មច្ឆាជាតិ សត្វស្លាបគ្រប់ប្រភេទ ដែលមាននៅក្នុងតំបន់ដីសើមនេះ ។

ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថាៈការប្រារព្វទិវានេះ គឺធ្វើឡើងទូទាំងពិភពលោក នៅថ្ងៃ០២កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយនៅខេត្តស្ទឹងត្រែង គឺយកទីតាំង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលជាតំបន់ភូមិសាស្រ្ត ដីសើមរ៉ាមសារ ដើម្បីឲ្យចំ និងគោលដៅ សំរាប់ការផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃតំបន់ដីសើម ផ្សព្វផ្សាយអំពីគុណតំលៃ និងតួនាទីតំបន់ដីសើម ដល់សាធារណៈជន ក៏ដូចជាប្រជាសហគមន៍ សិស្ស និសិ្សត ធ្វើយ៉ាងណាត្រូវការពារតំបន់ដីសើមឲ្យគង់វង្ស ព្រោះវាជាតំបន់អាចធ្វើកសិកម្ម ហើយតំបន់ដីសើមនេះដែរ ក៏ជាអាងស្តុកទឹកភ្លៀងបានច្រើនលើសលប់ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារខ្យល់ព្យុះ ដោយកាត់បន្ថយខ្យល់បោកខ្លាំង វាជាប្រភពទឹក ជាតំបន់ជីវចម្រុះ ជារម្មណីយដ្ឋាន និងជាកន្លែងទេសចរ ហើយក៏បានផ្តល់ ផលិតផលជាច្រើនសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះ ។ ទន្ទឹមនោះ ក៏បានធ្វើឲ្យរីកចម្រើនខាងផ្នែកស្មារតីទទួលខុសត្រូវ ការគ្រប់គ្រងតំបន់ដីសើម និងការការពារប្រភពធនធានជលផល បក្សាបក្សី និងសត្វផ្សេងៗទៀតឲ្យបានសម្បូរគង់វង្ស យូរអង្វែង និងមានសារៈប្រយោជន៍ដល់មនុស្សជាតិគ្រប់រូប ជារៀងរហូត ៕ ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner