ឆ្នាំ 2021 ភាគីពាក់ព័ន្ធប្តេជ្ញាពង្រីកគោលដៅផ្តល់អាហារូបត្ថម្ភដល់កុមារងាយរងគ្រោះ

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ បច្ចុប្បន្នកុមារអាយុក្រោមប្រាំឆ្នាំរស់នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសកុមារជនជាតិដើមភាគតិចនៅមានកម្រិតកង្វះអាហារូបត្ថម្ភខ្ពស់ជាងគេ។ ក្នុងនោះកុមារជាងមួយពាន់នាក់ ត្រូវបានរកឃើញថា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងខ្វះអាហារូបត្ថម្ភស្រួចស្រាល់កម្រិតមធ្យម។ ដើម្បីបញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភក្នុងតំបន់ដាច់ស្រយាល ចាប់ពីឆ្នាំ 2021 នេះតទៅភាគីពាក់ព័ន្ធទាំងអស់ប្តេជ្ញាពង្រីកគោលដៅផ្តល់អាហារូបត្ថម្ភដល់កុមារដែលងាយរងគ្រោះ​ឱ្យកាន់តែប្រសើរឡើង។

ដំណោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារខាងលើ អង្គការភ្លែន ស្ថាប័នដៃគូសមាគមបណ្តុះកុមារ (BK) ក្រសួងពាក់ព័ន្ធ និងសហគមន៍ បានរួមគ្នាសម្ពោធគម្រោង 1,000 ថ្ងៃដំបូង “ពង្រឹងភាពធន់របស់គ្រួសារតាមរយៈសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់កុមារ និងស្ត្រីដែលងាយរងគ្រោះ” នៅក្នុងភូមិចំនួន 54 នៃស្រុកតាវែង និងស្រុកវឺនសៃ នៃខេត្តរតនគិរី។ គម្រោងរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ 2020 – 2025 ខាងមុខ។

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា “អត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំ ជាពិសេសក្នុងចំណោមក្រុមជនជាតិដើមភាគតិចនៅតែមានកម្រិតខ្ពស់នៅក្នុងខេត្តរតនគិរី បើប្រៀបធៀបនឹងអត្រាថ្នាក់ជាតិ។ កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំ រួមចំណែកដល់អត្រានៃការមានជម្ងឺ និងមរណភាពរបស់កុមារ ហើយប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីនៅក្នុងវ័យកុមារភាពរបស់កុមារ”។

អង្គការភ្លែនៅកម្ពុជាបានបញ្ជាក់ថា គម្រោងលើកកម្ពស់អាហាររូបត្ថម្ភនេះ នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីមានផ្ទៃពោះចំនួន 2,800 នាក់ កុមារអាយុក្រោមប្រាណឆ្នាំចំនួន 4,146 នាក់ ក្នុងនោះកុមារអាយុក្រោមពីរឆ្នាំចំនួន 1,673 នាក់។ ទន្ទឹមគ្នានេះជួយដល់ស្ត្រីចំនួន 3,720 នាក់ស្ថិតនៅវ័យបន្តពូជចន្លោះពី 15 ដល់ 44 ឆ្នាំ។ គម្រោងនេះនឹងជួយដល់កុមារដែលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន 383 នាក់ និងកុមារខ្វះអាហារូបត្ថម្ភស្រួចស្រាល់កម្រិតមធ្យមចំនួន 800 នាក់ និងបុរសជាឪពុក ចំនួន 2,764 នាក់ ដែលមានកូនពីអាយុសូន្យខែដល់អាយុ 59 ខែ។

ដោយឡែកក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ ក៏បានដាក់ទិសដៅបន្តអនុវត្ដកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀ ដល់សិស្សក្នុងខេត្ដគោលដៅ ដើម្បីបង្កើនអត្រាចូលរៀន អត្រាឡើងថ្នាក់ កាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាដែរ។

ស្ត្រីជាម្តាយវ័យក្មេង នៅខេត្តរតនគីរី លើកផ្ទាំងអប់រំអំពីអាហារូបត្ថម្ភ – រូបភាព : អង្គការភ្លែនអន្តរជាតិកម្ពុជា

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “អាហារូបត្ថម្ភល្អ ចូលរួមលើកកម្ពស់គុណភាពរៀន និងបង្រៀន ថែមទាំងបណ្តាលឱ្យគុណភាពជីវិតរឹតតែប្រសើរ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលខ្លឹមសារអាហារូបត្ថម្ភ និងសុខភាពសិក្សាក្នុងកម្មវិធីសិក្សាសាលារៀន និងបន្តស្វាគមន៍កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពសិក្សារបស់អ្នកសិក្សា និងបុគ្គលិកអប់រំតាមរយ:គ្រប់រូបភាព”។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បន្តលើកកម្ពស់ជីវភាពមាតាបិតានិងកុមារតូចជាពិសេសដោះស្រាយកង្វះអាហារូបត្ថម្ភកុមារតូចមួយចំនួន ដោយអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំនៃគ្រួសារមានប័ណ្ឌសមធម៌ ឬប័ណ្ឌអាទិភាព។ សម្រាប់ឆ្នាំ 2021 ក្រសួងអប់រំកំពុងបន្តពង្រីកសាលារៀនគោលដៅអនុវត្តកម្មវិធីពី 205 សាលារៀន ទៅ 290 សាលារៀន។ ក្នុងនោះបន្ថែមថ្មីទាំង 85 សាលារៀន ស្ថិតក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី29 ខែមករា ឆ្នាំ 2021 អង្គការភ្លែនអន្តរជាតិកម្ពុជា ស្ថាប័នដៃគូសមាគមបណ្តុះកុមារ (BK) ក្រសួងពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ រួមមានក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ និងសហគមន៍ រួមគ្នាសម្ពោធគម្រោង 1,000 ថ្ងៃដំបូង “ពង្រឹងភាពធន់របស់គ្រួសារតាមរយៈសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់កុមារ និងស្ត្រីដែលងាយរងគ្រោះ” នៅខេត្តរតនគិរី៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner