7 ចំណុចនេះកូនតូចរបស់អ្នកគួរតែមាន នៅពេលពួកគេចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូង
ចំណេះដឹងទូទៅ ៖ ក្នុងនាមជាម្តាយឪពុកអ្នកត្រូវប្រាកដថា កូនតូចរបស់អ្នករៀបចំខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងបរិយាកាសសាលារៀនថ្មី ទំនាក់ទំនងមិត្តភ័ក្តថ្មី ព្រមទាំងស្នើសុំជំនួយអ្វីមួយពីគ្រូបង្រៀនរបស់គេ។ អ្នកជំនាញកុមារយល់ថា ម្តាយឪពុកគួរបង្ហាត់បង្រៀនកូនៗ ឱ្យមានជំនាញនិងចំណេះដឹងមូលដ្ឋានខ្លះៗ មុនពួកគេចូលរៀនលើកដំបូង។ ខាងក្រោមនេះ ជាចំណុចទាំង 7 ដែលម្តាយឪពុកគួរផ្តល់ឱ្យកូនៗមុនពេលចាប់ផ្តើមចូលរៀន។
- ផ្តល់កិច្ចការសាមញ្ញៗដល់កូន ៖ ម្តាយឪពុកគួរផ្តល់កិច្ចការសាមញ្ញៗប្រចាំថ្ងៃដល់កូនតូចរបស់ខ្លួន ដូចជារៀបចំកន្លែងលេង ទុកដាក់របស់ប្រើប្រាស់ រៀបចំកន្លែងគេង (ពេលមុននិងក្រោយជាដើម)។ ការផ្តល់កិច្ចការនេះ នឹងជួយឱ្យកូនមានទម្លាប់និងទំនួលខុសត្រូវផ្ទាល់ខ្លួនទាំងនៅផ្ទះ និងពេលទៅសាលារៀន។
- បង្ហាញគោលបំណងស្នើសុំឱ្យបានច្បាស់លាស់ ៖ ខ្ញុំស្រេកទឹក! ខ្ញុំឃ្លានបាយ! ជាឃ្លាសាមញ្ញៗច្បាស់ ដែលកូនអាចប្រើញឹកញាប់រាល់ថ្ងៃ ពិសេសពេលដែលពួកគេត្រូវការជំនួយពីមិត្តភក្តិ ឬគ្រូរបស់គេនៅសាលារៀន។ អ្នកស្រមៃមើលថា ថ្ងៃដំបូងតើគេនឹងស្រេកទឹក ឬមួយឃ្លានដែរឬអត់? ប្រាកដណាស់ ពួកគេត្រូវប្រើប្រាស់ឃ្លា ឬពាក្យពេចន៍ច្បាស់ត្រឹមត្រូវ ដើម្បីសួរនាំនិងស្នើសុំគ្រូ ឬនិយាយទៅកាន់មិត្តភ័ក្តរបស់គេ។
- បង្រៀនឱ្យកូនស្លៀកសម្លៀកបំពាក់ដោយខ្លួនឯង ៖ ពេលដែលធ្វើបែបនេះ កូនរបស់អ្នកនឹងអាចស្លៀកសម្លៀកបំពាក់ដោយខ្លួនឯងបានជារៀងរាល់ព្រឹក។ ពួកគេនឹងមានគំនិតឯករាជ្យដោយខ្លួនឯងក្នុងកិច្ចការមួយ ទាំងនៅផ្ទះ និងនៅសាលារៀន។
- ចែករំលែករបស់លេងជាមួយនឹងក្មេងដទៃ និងចេះយកវាមកវិញ ៖ ពេលវេលាស្គាល់មិត្តភ័ក្តថ្មីនៅក្នុងសាលា កុមារនឹងចង់លេងច្រើនជាងរៀនសូត្រ។ ដូចនេះការចែករំលែករបស់លេងឱ្យគ្នាទៅវិញទៅមកជារឿងត្រឹមត្រូវមួយដែលម្តាយឪពុកគួរបង្ហាត់បង្រៀនកូន។ កុំមើលរំលងប្រការនេះ ប្រសិនបើកូនគ្មានសិល្បៈគ្រប់គ្រងខ្លួនឯង ពេលខ្លះពួកគេអាចឈ្លោះគ្នា ឬវាយគ្នាវាយគ្នាជាក់ជាពុំខាន។ ត្រូវបង្ហាញពីរបៀបផ្តល់របស់លេងទៅមិត្តភក្តិ និងចេះស្នើសុំរបស់នោះត្រឡប់មកវិញក្នុងហេតុផងត្រឹមត្រូវ។ ចំណុចនេះ អាចពិបាកបន្តិចសម្រាប់កូនតូចរបស់អ្នក។
- ទម្លាប់និទានរឿងខ្លីៗឱ្យកូនស្តាប់ ៖ តើអ្នកធ្លាប់និទានខ្លីៗឱ្យកូនរបស់អ្នកស្តាប់ឬទេ? ពិតណាស់កុមារនឹងកាត់បន្ថយសកម្មភាពលេងសើច ឬចរឹករឹងរុសមិនចង់រៀន ឱ្យកុមារចូលចិត្តរៀនសូត្រ ប្រសិនបើពួកគេបានស្តាប់រឿងនិទានពីនេះពីនោះដែលគ្រូបាននិទាន ឬអានឱ្យស្តាប់។ ស្តាប់រឿងនិទានខ្លីៗទាំងនោះ មានន័យថាពួកគេនឹងអាចចាប់បានមេរៀនផ្សេងៗនៅសាលាបានយ៉ាងងាយ។
- ផ្តល់របស់របរលេងផ្សេងៗដល់កូន ៖ ទន្ទឹមនឹងពេលវេលារៀន ពេលវេលាលេងជាសេចក្តីសុខបំផុតរបស់កុមារតូច។ ម្តាយឪពុកគួរផ្គត់ផ្គង់របស់លេងផ្សេងៗដល់កូន ដូចជា របស់លេងមានពណ៌ចម្រុះ ឬបំណែកផ្គុំនៃរូបរាងវត្ថុ សត្វ ធ្វើយ៉ាងណាឱ្យពួកគេលេងផង និងចេះច្នៃប្រឌិតរបស់លេងទាំងនោះផង។
- បង្រៀនកូនឱ្យស្គាល់លេខ ឬតួអក្សរខ្លះៗ ៖ ភារកិច្ចក្នុងការអប់រំកូន មិនមែនគ្រូក្នុងសាលាតែម្នាក់នោះទេ។ ម្តាយឪពុកជាគ្រូបង្រៀនសំខាន់ និងមានឥទ្ធិពលបំផុតលើឥរិយាបថរបស់កូន។ ម្តាយឪពុកត្រូវបង្រៀនកូនឱ្យស្គាល់តួអក្សរ ស្គាល់លេខ តាមរយៈសកម្មភាពអំណានជាមួយកូនដោយយកចិត្តទុកដាក់៕
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។
បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy