រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែង

ភ្នំពេញ៖ ដើម្បីរំដោះទឹកភ្លៀងនៅតំបន់ជាយក្រុង ពិសេសនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា គម្រោងនេះមន្ដ្រីជំនាញ បានសិក្សារួចហើយ គឺរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ នៅទីតាំងចាំបាច់។

ក្រៅពីគម្រោងកសាងស្ថានីយ៍បូមទឹកទួលពង្រ ជាការងារចំពោះមុខយើងត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងឲ្យបានទទឹង៨ម៉ែត្រ បណ្ដោយ៤,៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២.៦៥ម៉ែត្រគុណ ២.៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុង ដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រ គុណ២ម៉ែត្រ ប្រវែង១,២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់ មានចំនួន៧កន្លែង។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ចំពោះការងារពាក់ព័ន្ធនឹងការងាររំដោះទឹក ត្រូវតែធ្វើហើយទាំងការស្តារប្រឡាយ ឲ្យបានធំរហូតដល់៨ម៉ែត្រ និងការងារស្ថាបនាស្ថានីយ៍បូមទឹកទួលពង្រជាដើម។ អ្វីដែលសំខាន់ គឺបញ្ហាថវិកា ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែប្រឹងប្រែង ជាមួយនឹងការគៀងគរពីប្រជាពលរដ្ឋ ពិសេសម្ចាស់បុរីធំៗឲ្យចូលរួម។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា ដើម្បីឲ្យការងារខាងលើ ដំណើរការទៅដោយរលូន និងលឿនទាន់ពេលវេលា នៅថ្ងៃសៅរ៍ចុងសប្តាហ៍ លោកនឹងអញ្ចឹញចុះទៅពិនិត្យប្រឡាយ និងទីតាំងខាងលើដោយផ្ទាល់តែម្តង ដើម្បីជំរុញការងារនេះឲ្យបានលឿនទាន់រដូវប្រាំងងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner