ឯកអគ្គរាជទូតជប៉ុន កោតសរសើរ ចំពោះពិព័រណ៍ និងការងារដែលអនុវត្តឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅបណ្ណាល័យសម្តេចម៉ែ

ភ្នំពេញ៖ ប្រទេសជប៉ុន ធ្លាប់ជាម្ចាស់ជំនួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា លើផ្នែកសម្ភារការិយាល័យ និងសន្តិសុខអគារ នៅមុនពេលដែលមានតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។

នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានកិត្តិយសទទួលស្វាគមន៍ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានដឹកនាំក្រុមការងាររបស់ឯកឧត្តម រួមមានលោក ម៉ូរី ណូប៊ូ លេខាទី១ អ្នកនាង គូស៊ូណូគី ម៉ារីយ៉ា លេខាទី៣ និង លោក អ៊ីម៉ាដា អាគីណូរី អ្នកសិក្សាស្រាវជ្រាវ និងជាទីប្រឹក្សារបស់ឯកឧត្តមមកទស្សកិច្ចនៅ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ដំណើរទស្សនកិច្ចចាប់ផ្តើម ដោយការផ្តល់ព័ត៌មានលម្អិតអំពីពិព័រណ៍នៃព្រះឆាយាល័ក្ខណ៍ របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជវង្សានុវង្ស ផ្តល់ដោយលោក ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋ អមជាមួយនឹងភ្លេងដែលជាព្រះរាជ និពន្ធរបស់សម្តេច ព្រះបរមរតនកោដ្ឋ។

ផ្ទាំងព្រះឆាយាល័ក្ខណ៍ពិព័រណ៍ និងភ្លេង បានរំឭកដល់ព្រះរាជប្រវត្តិស្នេហារវាងសម្តេចឪ និងសម្តេចម៉ែ ដែលបាន កត់ត្រាទុកអំពីជំពូកមួយដែលមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន» នៅក្នុងសៀវភៅ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៖ ព្រះរាជដំណើរជីវិតពោរពេញទៅដោយព្រឹត្តិការណ៍»

ជំពូកនេះលើកឡើងអំពីចម្រៀងពីរបទគឺ «រាត្រីដែលបានជួបភ័ក្ត្រ» ជាព្រះរាជនិពន្ធរបស់សម្តេចព្រះបរមរតនកោដ្ឋ សម្រាប់ព្រះរាជពិធីវិវាហមង្គល នៃទ្រង់ទាំងពីរ និងបទ «ម៉ូនីកា» ប្រទានដល់សម្តេចម៉ែ ដើម្បីសម្តែងព្រះរាជហឫទ័យ ស្នេហារបស់ព្រះអង្គចំពោះទ្រង់។

ចាប់តាំងពីរៀបអភិសេកមក សម្តេចម៉ែតែងតែនៅក្បែរព្រះកាយរបស់ព្រះស្វាមីគ្រប់ពេល ដោយឆ្លងកាត់នូវអនុស្សារីយ៍ផ្អែម ល្វីងជូរចត់រួមគ្នា ដូចនៅក្នុងព្រះឆាយាល័ក្ខណ៍បានបង្ហាញ។ នេះគឺជារឿងស្នេហាអមតៈយកឈ្នះរាល់ឧបសគ្គនិងមិនប្រួលប្រែ ដែលកើតមានក្នុងព្រះជីវិតពិតរបស់ទ្រង់។

លោក ឆាំង យុ បានបង្ហាញដល់ភ្ញៀវកិត្តិយសនូវបណ្ណាល័យ និងបរិក្ខារដែលរួមមានដូចជា ម៉ាស៊ីនផ្ទុកឯកសារទម្រង់ ជាឌីជីថល ឯកសារទម្រង់ដើម ឯកសាររូបថត ឯកសារវីដេអូ និងឯកសារជាសំឡេងនានា។

លោក ឆាំង យុ បានរៀបរាប់យ៉ាងលម្អិតអំពីបេសកកម្មយូរអង្វែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការលើកកម្ពស់យុត្តិធម៌ ការចងចាំ និងការផ្សះផ្សាតាមរយៈការប្រមូលចងក្រងភ័ស្តុតាងជាប្រវត្តិសាស្រ្តទាក់ទងនឹងអំពើប្រល័យ ពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលក្រុមការងារបាននិងកំពុងបន្តអនុវត្ត។

លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្ តាខេត្តទាំង១០។

ឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ តំណាងឲ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបន្សល់ទុកចំណារ អនុស្សារីយ៍លើ សៀវភៅ ក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានខ្លឹមសារដូចតទៅ «សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ការអញ្ជើញរូបខ្ញុំ និងសហការរីរបស់ខ្ញុំមកកាន់បណ្ណាល័យដ៏ស្រស់ស្អាតក្នុងថ្ងៃនេះ។ ខ្ញុំមានការកោតស្ងប់ស្ងែង យ៉ាងខ្លាំងចំពោះពិព័រណ៍ និងការងារដែលអនុវត្តឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំគិតថាបណ្ណាល័យនេះ គឺជាការចូលរួមចំណែកដ៏វិសេសវិសាលមួយ សម្រាប់អនាគតមនុស្សជំនាន់ក្រោយទូទាំងពិភពលោក»

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner