ក្នុងឆ្នាំ២០២០ មានសហគ្រាសជាង១ពាន់៣រយបានបិទលែងដំណើរការ ខណៈដែលកម្មករនិយោជិតបាត់បង់ការងារជាង១០ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍អោយដឹងថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ មានសហគ្រាសចំនួន១ពាន់៣៥៦ទីតាំងបានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន១០ម៉ឺន៨ពាន់៨២៥នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បើតាមការវាយតម្លៃផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោ ជិតនោះ សេដ្ឋកិច្ចក្នុងប្រព័ន្ធគឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ ។ តួយ៉ាង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសចំនួន៤៣៣ ដែលមានកម្មករនិយោជិតចំនួន១៥ម៉ឺន៣ពាន់៣៣៦នាក់ បាននិងកំពុងព្យួរកិច្ចសន្យាការងារ ប៉ុន្តែបើគិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមចំនួន១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន២ម៉ឺន៣ពាន់៦៨២នាក់ប៉ុណ្ណោះកំពុងព្យួរកិច្ចសន្យាការងារ ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន១ពាន់៣៥៦បានបិទលែងដំណើរការ និងកម្មករនិយោជិតបាត់បង់ការងារចំនួន១០ម៉ឺន៨ពាន់៨២៥នាក់ ដែលចំនួននេះ គឺច្រើនជាងឆ្នាំ២០១៩ក្នុងរយៈពេលដូចគ្នា ដែលមានសហគ្រាសចំនួន៩៦៩ និងកម្មករនិយោ ជិតបាត់បង់ការងារចំនួន៨ម៉ឺន៥ពាន់៨៨៩នាក់ ដែលភាគច្រើនគឺជាប្រភេទរោងចក្រសហគ្រាសក្រៅពីវិស័យកាត់ដេរ ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងរយៈពេលដូចគ្នានេះ ក៏មានរោងចក្រ សហគ្រាសចំនួន១ពាន់១០៣បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦ម៉ឺន១ពាន់២៥៧នាក់ផងដែរ ។ ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានខិតខំផ្តល់ព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារប្រមាណជាង២.៣លាននាក់ តាមរយៈវេទិកាការងារ សេវាទូរស័ព្ទ គេហទំព័រការងារ បណ្តាញទំនាក់ទំនងសង្គម និងមជ្ឈមណ្ឌលការងារជាដើម ៕
![](https://asset.ams.com.kh/central/media/2021/02/28148-768x511-1.jpg)
![](https://asset.ams.com.kh/central/media/2021/02/2-260-oodvlxawgtul4eh9al1gpwc5jjqyiap92yrkhg3xey-1.jpg)
![](https://asset.ams.com.kh/central/media/2021/02/31987539085_590a4bf571_c.jpg)
![](https://asset.ams.com.kh/central/media/%E1%9E%8A%E1%9E%9F%E1%9E%8A%E1%9E%9F-1024x682.jpg)