ក្រុមហ៊ុនផលិតចំណីសត្វពុំទាន់មានសមត្ថភាពផលិតបំពេញសេចក្តីត្រូវការក្នុងស្រុក
ភ្នំពេញ ៖ ក្រុមហ៊ុនផលិតចំណីសត្វបាន និងកំពុងស្វះស្វែងរកការបន្ធូរបន្ថយពីការយកពន្ធលើវត្ថុធាតុដើមដែលត្រូវយកមកផលិតចំណីសត្វដើម្បីជាការស្វែងរកអ្វីដែលជាតម្លៃដើមទាបសម្រាប់ជំរុញការចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMSថា តម្រូវការវត្ថុធាតុដើមចាំបាច់មួយចំនួនសម្រាប់ការផលិតចំណីសត្វនៅក្នុងស្រុក តែវត្ថុធាតុដើមនាំចូលទាំងនេះជាប់ពន្ធនាំចូលមានតម្លៃថ្លៃ ទើបធ្វើឱ្យការផលិតចំណីសត្វដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃ សម្រាប់ការផ្គត់ផ្គង់ទៅដល់ប្រជាកសិករដែលចិញ្ចឹមសត្វក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា ៖«ពាក់ព័ន្ធអ្នកផលិតចំណីសត្វ តម្រូវការនាំចូលវត្ថុធាតុដើម តែដោយសារការយកពន្ធថ្លៃគាត់ត្រូវផលិតដោយមានផ្លែដើមខ្ពស់នៅឡើយ។ដូច្នេះបើគាត់លក់ចំណីសត្វនោះសម្រាប់ក្នុងស្រុកត្រូវតែមានតម្លៃថ្លៃហើយ។ ការនាំវត្ថុធាតុដើមមិនមែនទាំងអស់នោះទេ តែត្រូវយកមកលាយដើម្បីផលិតជាចំណីសត្វ ដូចនេះការនាំចូលត្រូវនាំចូលរួចពន្ធទើបថ្លៃដើមទាបបាន។ បើទិញពីក្រៅដែលនាំចូលមកថោកជាងផលិតផលដែលផលិតនៅក្នុងស្រុក គឺគេពិតជាទិញពីក្រៅមកហើយ»។
ជាមួយការពិភាក្សាគ្នាក្នុងបញ្ហានេះ សភាពាណិជ្ជកម្មចង់ឱ្យសមាគមដាក់របៀបវារៈមកដើម្បីឱ្យសភាពាណិជ្ជកម្មស្នើទៅខាងគយ និងក្រសួងសេដ្ឋកិច្ច ដោយលើកយកបញ្ហា និងកុំឱ្យយកពន្ធលើវត្ថុធាតុដើមមកផលិតចំណីសត្វ ព្រមទាំងបរិក្ខារកសិកម្មមួយចំនួន ដែលកន្លងមករដ្ឋបានធ្វើការដោះស្រាយរួចមកហើយ គឺពន្ធ ឬកាតព្វកិច្ចបង់ពន្ធត្រូវរដ្ឋជាអ្នកទទួលបន្ទុក ដើម្បីឱ្យផ្នែកឧស្សាហកម្មផលិតចំណីសត្វនេះ អាចដើរទៅរួចឬ ក៏អាចមានតម្លៃដែលផលិតបាននោះ ស្មើនឹងការតម្លៃនាំចូល ទើបយើងអាចដំណើរការផលិតបាន។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖«សង្ឃឹមថានឹងមានការរីកចម្រើនទៅមុខ នៅឆ្នាំជាបន្តបន្ទាប់នៅពេលគាត់ជាអ្នកផលិត ហើយចិញ្ចឹមខ្លួនឯងខ្លះផងនោះ ថ្លៃដើមខ្ពស់តិចតួច គាត់អាចផ្គត់ផ្គង់ខ្លួន ឯងបានខ្លះ តែបើលក់ឱ្យកសិករចិញ្ចឹមសត្វទូទៅវាមិនបានទេ ព្រោះនាំការនាំចូលថោកជាង ហើយយើងនៅមានតម្រូវការនាំចូលផងដែរនោះ ហើយការផលិតពុំទាន់បានគ្រប់គ្រាន់នៅឡើយ»។
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ AMSថា ក្រុមហ៊ុនដែលមានរោងចក្រផលិតចំណីសត្វ រោងចក្រកែច្នៃផលិតផលចំណីអាហារដែលមានសមត្ថភាពផលិត ចំនួន19 ដែលមានរោងចក្រចំនួន 21 ប៉ុន្តែមិនទាន់បំពេញតាមតម្រូវការក្នុងស្រុកនៅឡើយ ដែលចាំបាច់ត្រូវការនាំចូលពីក្រៅស្រុក។
ឯកឧត្តមបានបន្តថា៖« គឺយើងមានសមត្ថភាពផលិតបាន 2.16 លានតោនក្នុងមួយឆ្នាំ។ ប៉ុន្តែការផលិតមិនបានគ្រប់ចំនួននេះទេ គឺតាមការជាក់ស្ដែងយើងផលិតបានត្រឹមតែពាក់កណ្ដាលគឺបានត្រឹម1.13 លានតោនស្មើនឹង 52% ក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយការខ្វះខាតជាក់ស្តែងនេះ តម្រូវឱ្យមានការនាំចូលបន្ថែមនូវចំណីសត្វនេះចំនួន 208 ពាន់តោនទើបផ្គត់ផ្គង់គ្រប់»។
យោងតាមការបញ្ជាក់ពីប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថាផលិតកម្មចំណីសត្វបច្ចុប្បន្ន ក្រុមហ៊ុន19 ដែលមានរោងចក្រចំនួន 21( ក្រុមហ៊ុនខ្លះមានរោងចក្រ2 )ដោយក្រុមហ៊ុនខ្លះគាត់ផលិតចំណីសត្វផង និងចិញ្ចឹមសត្វផង ក្រៅពីនេះក៏មានការនាំចេញផលិតផលចំណីកែច្នៃ (ចំណីសត្វឆ្កែ) ទៅក្រៅប្រទេសផងដែរ៕