3ឆ្នាំជាប់គ្នា ថៃជាប់ឈ្មោះជាប្រទេសដែលមានអ្នកប្រើប្រាស់ App ធនាគារច្រើនជាងគេលើលោក
បរទេស៖យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Digital សម្រាប់ឆ្នាំ2021 នេះបានឲ្យដឹងថាប្រទេសថៃនៅតែបន្តឈរនៅកំពូលតារាងជាប្រទេសដែលមានអ្នកប្រើប្រាស់អុីនធឺណេតទៅលើសេវាកម្មធនាគារ និងហិរញ្ញវត្ថុតាមទូរស័ព្ទដៃច្រើនជាងគេលើលោក។
ប្រភពដដែលបានអះអាងថាថៃក៏ជាជាប្រទេសមួយក្នងចំណោមប្រទេសទាំង 5 ដែលអាចសម្របខ្លួនទៅនឹងពាណិជ្ជកម្មអនឡាញ e-commerceការទូទាត់លុយតាមទូរស័ព្ទ Mobile Payment អាជីវកម្មតាមទូរស័ព្ទ Mobile Commerce និងការប្រើប្រាស់ QR code បានខ្លាំងក្លាជាងគេបំផុតលើលោកផងដែរ។
របាយការណ៍ប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយដោយ We Are Social ជាភ្នាក់ងារឌីជីថលអន្តរជាតិមួយចាប់ដៃគូជាមួយនឹងក្រុមហ៊ុនផ្តល់សេវាបណ្តាញសង្គម Hootsuite ដែលវាផ្តោតសំខាន់តែទៅលើការប្រើប្រាស់សេវាឌីជីថលការប្រើប្រាស់សារព័ត៌មាននៅតាមទូរស័ព្ទដៃនិងបណ្តាញសង្គមនៅទូទាំងសកលលោក។
របាយការណ៍នេះបានបង្ហាញថា ប្រទេសដែលជាប់ឈ្មោះជាប្រទេសមានអ្នកប្រើប្រាស់សេវាកម្មធនាគារ និងហិរញ្ញវត្ថុតាមទូរស័ព្ទច្រើនជាងគេលើលោកនោះគឺមានរយៈពេល 3 ឆ្នាំជាប់គ្នាមកហើយដោយក្នុងនោះអ្នកប្រើប្រាស់អុីនធឺណេតប្រមាណជា 68.1 ភាគរយដែលមានអាយុចន្លោះពី 16ទៅ64 ឆ្នាំបាននិយាយថាពួកគេបានប្រើប្រាស់កម្មវិធីទូរស័ព្ទ appទាំងនេះជារៀងរាល់ខែ។
តាមពីក្រោយដោយប្រទេសអាហ្វ្រិកខាងត្បូងដែលមានអ្នកប្រើប្រាស់ប្រមាណជា 64 ភាគរយ និងប្រទេសប៉ូឡូញឈរនៅលេខរៀងទី 3 ដែលមានអ្នកប្រើប្រាស់ប្រមាណជា 57.7 ភាគរយខណៈដែលអត្រានៃអ្នកប្រើប្រាស់ជាមធ្យមនៅទូទាំងពិភពលោកមានតែត្រឹម 38.7 ភាគរយ។
ដោយឡែកសម្រាប់ប្រតិបត្តិការទូទាំងលុយតាមទូរស័ព្ទដៃ Mobile Payment វិញប្រទេសថៃក៏បានជាប់ឈ្មោះជាប្រទេសប្រើប្រាស់ច្រើនបំផុតទី 2 ផងដែរដោយមានប្រមាណជា 45.3ភាគរយកាលពីខែមុនគឺលើមធ្យមភាគដែលពិភពលោកមានជាមធ្យមក្នុងរយៈពេលដូចគ្នាត្រឹមតែ 30.9 ភាគរយ។
ក្រុងហុងកុងសម្រាប់ការប្រើប្រាស់ Mobile Payment នេះគឺជាប្រទេសដែលអ្នកប្រើប្រាស់អ៊ិនធឺណេតបានធ្វើប្រតិបត្តិការនេះច្រើនជាងគេគឺរហូតទៅដល់ 46.7 ភាគរយខណៈដែលកោះតៃវ៉ាន់ឈរនៅលេខរៀងទី 3 មានអ្នកប្រើប្រាស់សេវាកម្មនេះប្រមាណជា 42.6 ភាគរយ៕