ក្រុមហ៊ុន Visa និង ធនាគារឯកទេសវីង ប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ថ្មី តាមរយៈប្រព័ន្ធអនឡាញថ្មី ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់
ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ឈានមុខគេនៅក្នុងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចាប់ដៃគូសហការដើម្បីផ្តល់ជូននូវសេវាកម្ម ‘Wing Virtual Visa Card’ ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង មានប្រសាសន៍ថា ដោយយកបទពិសោធន៍របស់អតិថិជនជាអាទិភាពស្នូល ធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឲ្យប្រើប្រាស់កាតនិម្មិតដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង ។ លោកបន្តថា តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងអាចបង្កើត ‘Wing Virtual Visa Card’ និងទូទាត់តាមប្រព័ន្ធអ៊ីនធើណេតបានយ៉ាងងាយស្រួល លើសពីនេះទៅទៀតពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង ។ ការបើកដំណើរការទូទាត់តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះអតិថិជនក៏អាចបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ីនធើណេតបានគ្រប់ទីកន្លែង ដែលទទួលយកការទូទាត់តាមរយៈ Visa កាត ដែលវានឹងបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាន និងការកំណត់ឥណទានអថេរ ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា តាងនាមឲ្យ Visa យើងមានមោទនភាពក្នុងការធ្វើជាដៃគូសហការជាមួយក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតដូចជាធនាគារឯកទេស វីង ក្នុងការណែនាំនូវបច្ចេកវិទ្យាទូទាត់តាមរយៈឌីជីថលថ្មី ដែលអាចនឹងជួយជម្រុញឱ្យប្រទេសរបស់យើង បោះជំហានកាន់តែខិតជិតទៅនឹងចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយទៅជាប្រទេសមួយដែលមិនប្រើប្រាស់ក្រដាសប្រាក់ ។ អ្នកស្រីបន្តថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩បានធ្វើឱ្យសាធារណជនមានទំនោរចង់ជៀសវាងកន្លែងសាធារណៈ ព្រមទាំងជម្រុញឲ្យពួកគាត់មានការផ្លាស់ប្តូរដោយជ្រើសរើសការទិញទំនិញតាមរយៈអ៊ីនធើណេតវិញ ហើយមធ្យោបាយទូទាត់បែបឌីជីថលដូចជា កម្មវិធីស្មាតហ្វូនវីង កាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេសផងដែរ ។ តាមរយៈការណែនាំ Wing Virtual Visa Card អ្នកប្រើកម្មវិធីហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ិនធើណេត ឥឡូវនេះអាចធ្វើការទូទាត់ប្រកបដោយសុវត្ថិភាព រហ័ស និង ងាយស្រួលជាងមុន ។
ភាពជាដៃគូនេះបានដាក់រួមបញ្ចូលនូវជំនាញឯកទេស និងបច្ចេកវិទ្យារបស់ Visa ក្នុងការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ព្រមទាំងពាណិជ្ជកម្មអេឡិចត្រូនិច រួមជាមួយនឹងធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា។ បន្ទាប់ពីបានបើកដំណើរការនៅឆ្នាំ ២០០៩ ធនាគារឯកទេស វីង បានបង្កើតបណ្តាញយ៉ាងទូលំទូលាយ និងបានណែនាំសេវាកម្មជាច្រើនដល់អតិថិជនរបស់ខ្លួន រួមមាន៖ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទិញទំនិញតាមអ៊ីនធើណេត និងការទូទាត់តាមរយៈQRកូដជាដើម ។ ធនាគារឯកទេស វីង បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសម្ថភាព ដើម្បីធានាបានថាប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់គណនីធនាគារ តាមរយៈការធ្វើបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។ លោក ម៉ានូ បន្ថែមទៀតថា ជាមួយការរីករាលដាលនៃជម្ងឺរាតត្បាតដែលបានជះឥទ្ធិពលដល់អតិថិជននៅទូទាំងប្រទេស វាមានសារសំខាន់ណាស់ដែលយើងបង្កើនសេរីភាពជូនដល់អតិថិជនក្នុងការបញ្ជាទិញទំនិញ និងធ្វើប្រតិបត្តិការចាំបាច់របស់ពួកគេ តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព ។ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជ្រើសរើសប្រើ Wing Virtual Visa Card អាចចូលរួមក្នុងកម្មវិធីពិសេសៗជាច្រើន រួមមានទាំងកម្មវិធីចាប់រង្វាន់ជារៀងរាល់ខែ ការទទួលបានលុយត្រលប់មកវិញភ្លាមៗពីការជិះ Grab និងការបញ្ចុះតម្លៃសម្រាប់ការទិញទំនិញតាមអនឡាញជាដើម។ ព័ត៌មានលម្អិតស្តីពីការផ្តល់ជូននេះ នឹងមានប្រកាសផ្សាយតាម Facebook ផ្លូវការរបស់ ធនាគារឯកទេស វីង ក្នុងពេលឆាប់ៗនេះ ៕