អាជីវកម្មរបស់សិង្ហបុរីមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់ដំណើរការវិញហើយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រតិបត្តិការអាជីវកម្មជាច្រើនរបស់សិង្ហបុរីដែលមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាស្ទើរតែទាំងអស់គឺចាប់ផ្តើមមានដំណើរការឡើងវិញហើយនៅក្រោយពេលដែលស្ថានភាពតានតឹងចាប់តាំងតែពីពេលដែលរដ្ឋប្រហារដែលបានធ្វើឡើងតាំងតែពីដើមសប្តាហ៍កន្លងមក។
ទោះបីជាយ៉ាងណាក្តីពួកគេភាគច្រើនបានបដិសេធជាមួយនឹងក្រុមអ្នកកាសែតក្នុងការធ្វើការដែលបង្ហាញពីការយល់ឃើញរបស់ពួកគេចំពោះស្ថានភាពរយៈពេលយូរខាងមុខនេះ ជាពិសេសភាពមិនប្រាកដប្រជាចំពោះបញ្ហាដែលកំពុងវិវត្ត និងភាពរសើបខាងនយោបាយ ប៉ុន្តែពួកគេនឹងបន្តតាមដានការវិវត្តនេះយ៉ាងកៀកកិតបំផុត។
សហព័ន្ធអាជីវកម្មសិង្ហបុរី ឬ SBF នៅថ្ងៃនេះបានប្រាប់ CNA ដែរថា ពួកគេបានទំនាក់ទំនងទៅកាន់គ្រប់អាជីវកម្ម និងក្រុមហ៊ុនទាំងឡាយរបស់សិង្ហបុរីដែលមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ារួចរាល់ហើយដោយភាគច្រើននៃពួកគេបានដំណើរការអាជីវកម្មឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងភាពស្ទាក់ស្ទើរចំពោះស្ថានភាពនៅពេលបច្ចុប្បន្ននៅឡើយ។
គួររំលឹកដែរថាកាលពីថ្ងៃទី1 ខែកុម្ភៈ រដ្ឋប្រហារដោយយោធាប្រឆាំងទៅនឹងបក្សកាន់អំណាចរបស់លោកស្រី Ang San Suu Kyi ត្រូវបានធ្វើឡើងដោយមានទាំងការចាប់ខ្លួនលោកស្រីនិងមេដឹកនាំរដ្ឋាភិបាលជាច្រើនរយនាក់ផងដែរ។
ក្រោយការប្រកាសចាប់ខ្លួនមេបញ្ជាកាយោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល 1 ឆ្នាំ ហើយបានហៅសកម្មភាពរបស់ខ្លួនថាធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងតាំងតែខែវិច្ឆិកាកន្លងទៅ៕