សម្ដេចតេជោ ហ៊ុន សែន ៖ កង្វល់ធំគឺទប់ស្កាត់ការនាំចូលជំងឺកូវីដ-19 ពីវៀតណាម និងថៃទៅក្នុងសហគមន៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកនៃម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ទី4 ខែកុម្ភៈ ឆ្នាំ2021 នេះ
បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ឱ្យទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ-19ពីប្រទេសវៀតណាម និងថៃចូលមកក្នុងប្រទេសកម្ពុជា។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនរវាងប្រទេសប្រទេសទាំងពីរ ដោយខានមិនបាន និងត្រូវឱ្យគ្រប់ចំនួនថ្ងៃ។ រាល់អ្នកឆ្លងចូលមកប្រទេសកម្ពុជា ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈ14ថ្ងៃជាដាច់ខាត។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមប្រកាសឱ្យបណ្តាខេត្តដែលនៅជាប់ប្រទេសវៀតណាមទាំងអស់ពីខេត្តកំពតរហូតដល់ខេត្តរតនគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឱ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជនទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។ ប្រជាជនកម្ពុជា ដែលឆ្លងទៅប្រទេសវៀតណាម ក៏ត្រូវតែធ្វើចត្តាឡីស័កដោយអាជ្ញាធរវៀតណាម ដូចដែលធ្វើកន្លងទៅ។ រីឯប្រជាជនវៀតណាម ដែលឆ្លងចូលមកកម្ពុជាក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រជាជនកម្ពុជា ដែលចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាក៏ត្រូវតែរៀបចំធ្វើចត្តាឡីស័កផងដែរ»។

សម្តេចតេជោបានបន្តថា ប្រការនេះពឹងពាក់ទាំងស្រុងទៅលើអាជ្ញាធរ អភិបាលខេត្ត ដឹកនាំការងារនេះ ជាមួយកងកម្លាំងប្រដាប់អាវុធឈរជើង បិទខ្ទប់ឱ្យខានតែបាននូវការឆ្លងតាមច្រករបៀងទាំងនៅតាមព្រំដែន និងត្រួតពិនិត្យនៅខាងក្នុងឱ្យបានម៉ត់ចត់ ហើយតម្រូវឱ្យរៀបចំតំបន់ធ្វើចត្តាឡីស័កឱ្យបានរឹងមាំបំផុត។

សម្តេចតេជោ ក៏បានបង្ហាញនូវក្តីបារម្ភខ្លាចមានការឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាសប្តាហ៍ក្រោយនេះដោយបានបញ្ជាឱ្យអាជ្ញាធរពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។តែទោះជាយ៉ាងណាសម្រាប់ការដឹកទំនិញចេញចូលប្រទេសទាំងពីរនៅមានការសម្របសម្រួល ដូចការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ2020 ដោយមិនធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងដឹកទំនិញឆ្លងដែននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «នេះជាវិធានការបន្ទាន់ ដើម្បីឆ្លើយតបជាមួយសភាពការណ៍ដែលកំពុងហ៊ុមព័ទ្ធយើងពីទិសខាងលិចព្រំដែនកម្ពុជា-ថៃ និងទិសខាងកើត គឺព្រំដែនកម្ពុជា-វៀតណាម។ ប្រសិនបើយើងមានការធ្វេសប្រហែស ប្រទេសយើងនឹងមានការខ្ទេចខ្ទាំ ទៅដោយកូ វីដ-19 ដែលរុញច្រានពីប្រទេសថៃមកផង និងរុញច្រានពីប្រទេសវៀតណាមមកផង»។

សម្តេចតេជោហ៊ុន សែនបានបន្តថា៖«អាជ្ញាធរខេត្តដែលនៅជាប់ព្រំដែនត្រូវអនុវត្តវិធានការដែលបានដាក់ចេញដើម្បីសុវត្ថិភាពប្រជាជនតាមព្រំដែន ដែលព្រំដែនថៃយើងធ្វើបានល្អហើយ នៅឡើយតែព្រំដែនវៀតណាម ពុំទាន់ធ្វើបានល្អនៅឡើយ។ ខ្ញុំដាក់បញ្ជាដោយម៉ឺងម៉ាត់ឱ្យកម្លាំងប្រដាប់អាវុធ។ ជាពិសេសគឺនគរបាលការពារព្រំដែន កងទ័ពជើងគោក ដែលរួមមានបណ្តាភូមិភាគជាប់ព្រំដែនវៀតណាម ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីរួមជាមួយកម្លាំងប្រដាប់អាវុធផ្សេងទៀត មានទាំងនគរបាល និងអាវុធហត្ថ ដើម្បីត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុតនៅតាមព្រំដែនកម្ពុជា -វៀតណាម»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner