ភរិយាប្រធានធិបតីអាមេរិកអ្នកស្រី Jill Biden ជាស្ត្រីមានប្រវត្តិសិក្សានិងការងារមិនធម្មតា

អត្ថបទដោយ៖
ស៊ុន លី

បរទេស៖ អ្នកស្រី Jill Biden ភរិយារបស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានសេតវិមានចាត់ទុកជាស្ត្រីទីមួយរបស់អាមេរិក (First Lady) ដែលមានប្រវត្តិសិក្សានិងការងារមិនធម្មតា។ អ្នកស្រីក៏ធ្លាប់មានឈ្មោះជាស្ត្រីទីពីររបស់អាមេរិកក្នុងអាណត្តិដែលលោក Joe Biden នៅជាអនុប្រធានាធិបតីនៅឆ្នាំ 2009 ដល់ឆ្នាំ 2017។ ក្នុងពេលស្វាមីបំពេញការងារជាអនុប្រធានាធិបតី អ្នកស្រី Jill Biden បានធ្វើកិច្ចការសំខាន់ៗជាច្រើនជួយជ្រោមជ្រែងស្វាមី។ ជាក់ស្តែងអ្នកស្រី Jill បានថ្លែងសុន្ទរកថាលើកតម្កើងចរិតនិងសមត្ថភាពរបស់លោក Joe ដើម្បីជួយស្តារប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ព្រមទាំងវិបត្តិនយោបាយអាមេរិកកន្លងទៅ។

អ្នកស្រី Jill Biden មានឈ្មោះដើមហៅថា Jill Tracy Jacobs Biden កើតនៅថ្ងៃទី03 ខែមិថុនា ឆ្នាំ1951 នៅរដ្ឋ New Jersey ។ អ្នកស្រីមានឪពុកឈ្មោះ Donald Carl Jacobs និងម្តាយឈ្មោះ Bonny Jean Godfrey Jacobs ជាកូនច្បងក្នុងចំណោមបងប្អូនទាំងប្រាំនាក់ ។ អ្នកស្រីធំធាត់ឡើងនៅ Pennsylvania ហើយបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Upper Moreland នៅឆ្នាំ1969 និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រខាងផ្នែកអក្សរសាស្រ្តអង់គ្លេសនៅឆ្នាំ1975 ។

ក្រោយបញ្ចប់ការសិក្សាបានមួយឆ្នាំ អ្នកស្រី Jill ចាប់ផ្ដើមធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យ St. Mark’s High School នៃរដ្ឋ Wilmington ។ ក្រោយមកគាត់ក៏ក្លាយជាអ្នកជំនាញផ្នែកអំណានវិទ្យាល័យ Claymont ស្របពេលដែលគាត់បន្តការសិក្សាថ្នាក់អនុបណ្ខិតខាងផ្នែកអំណានពីសាកលវិទ្យាល័យ West Chester នៅឆ្នាំ1981។

បណ្ឌិត Jill Biden ចាប់ដៃជាមួយសមាជិកកងកំលាំងប្រដាប់អាវុធនៅក្នុងព្រឹត្តិការណ៍ជួបជុំកងទ័ព។ រូបភាព : សេតវិមាន

អ្នកស្រី Jill បានជួបសមាជិកព្រឹទ្ធសភាអាមេរិក Joe Biden ដំបូងនៅឆ្នាំ 1975 ហើយក៏រៀបការ។ រយៈពេលពីរឆ្នាំចំណងដៃអាពាហ៍ពិពាហ៍អ្នកទាំងពីរបានកូនស្រីឈ្មោះ Ashley នៅឆ្នាំ1981 ។ មុនពេលរៀបការជាមួយនឹងលោក Joe Biden អ្នកស្រីធ្លាប់រៀបការម្តងរួចហើយជាមួយអតីតកីឡាករបាល់ទាត់របស់អាមេរិក Bill Stevenson ប៉ុន្តែបានចែកផ្លូវគ្នា។ រឿងរ៉ាវស្នេហានេះ អ្នកស្រី Jill បានស្គាល់លោក Joe តាមរយៈប្អូនប្រុស (ក្រោយពេលបីឆ្នាំ) បន្ទាប់ពីលោក Joe បានបាត់បង់ជីវិតប្រពន្ធនិងកូនស្រីរបស់គាត់នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកាលពីឆ្នាំ1972 ។

អ្នកស្រី Jill Biden បានគ្រូបង្រៀនភាសាអង់គ្លេសនៅមន្ទីរពេទ្យចិត្តសាស្ត្រ Rockford Center ខណៈពេលដែលគាត់កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈភាសាអង់គ្លេសពីសាកលវិទ្យាល័យ Villanova ។ ក្នុងឆ្នាំ 1993 អ្នកស្រីបានបម្រើការងារមហាវិទ្យាល័យ Delaware Technical Community College និងបញ្ចប់ការសិក្សាបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ និងភាពជាអ្នកដឹកនាំ (Ed.D.) នៅសាកលវិទ្យាល័យ Delaware នេះតែម្តង។

បណ្ឌិត Jill Biden នៅតែបន្តកិច្ចការមួយចំនួនក្នុងមានជាភរិយារបស់ប្រធានាធិបតីអាមេរិក។ ទន្ទឹមគ្នានេះអ្នកស្រី បន្តការងារលើកកម្ពស់គុណភាពអប់រំកម្រិតមហាវិទ្យាល័យ ធ្វើការងារតស៊ូមតិសម្រាប់គ្រួសារយោធា និងលើកកម្ពស់ការយល់ដឹងពីបញ្ហាមហារីកសុដនទៅក្មេងស្រី និងស្រ្តីជុំវិញពិភពលោកថែមទៀតផងដែរ។ ស្ត្រីដែលមានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរ និងសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រអប់រំរូបនេះ នៅតែបន្តធ្វើជាសាស្ត្រាចារ្យផ្នែកសំណេរនៅមហាវិទ្យាល័យ Northern Virginia Community College រហូតមកដល់សព្វថ្ងៃ។ ក្នុងនាមជាអ្នកអប់រំ បណ្ឌិត Jill Biden បានបង្ហើរពាក្យផ្ទាល់មួយឃ្លាថា “Teaching isn’t just what I do, it’s who I am.”៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner