កូវីដ១៩៖ វ៉ាក់សាំងឈុតដំបូងរបស់ថៃមិនអាចមកតាមច្រកអឺរ៉ុប តាមការគ្រោងទុកទេ
ប្រទេសថៃនឹងនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈុតដំបូងពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ពីតំបន់អាស៊ី ក្រោយពេលអឺរ៉ុបបានពង្រឹងការគ្រប់គ្រងលើការនាំចេញ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលថៃបញ្ជាក់ នាថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ ២០២១នេះ។
សហគមន៍អឺរ៉ុប កាលពីសប្តាហ៍មុន បានកំណត់ការរឹតបន្តឹងលើការនាំចេញវ៉ាក់សាំងពីប្លុកនេះ រហូតដល់ខែមីនា ដើម្បីធានាថាខ្លួននឹងធានាការផ្គត់ផ្គង់ ដែលខ្លួនបានបញ្ជាទិញទុកមុន រួមទាំងការទិញពីក្រុមហ៊ុន AstraZeneca នេះដែរ។
ប្រទេសថៃនឹងនៅតែនាំចូល ៥ម៉ឺនដូសដំបូង ក្នុងចំណោម១៥ម៉ឺនដូសដែលខ្លួនបញ្ជាទិញទុកមុន ពីក្រុមហ៊ុននេះ នាខែកុម្ភៈ ២០២១ តែមិនមែនមកពីអឺរ៉ុប ដូចធ្លាប់បានគ្រោងទេ នេះបើតាមលោករដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ។
លោកបានប្រាប់អ្នកសារព័ត៌មានថា «អ្នកផលិតនឹងរកវិធីសាស្ត្របញ្ជូនវ៉ាក់សាំងតាមច្រកផ្សេង ក្រៅពីអឺរ៉ុប។ វានឹងមកពីកន្លែងណាមួយ ពីក្នុងតំបន់អាស៊ី» ៕