ស្ត្រីសិក្សាជំនាញព័ត៌មានវិទ្យា IT តិច អាចមកពីខ្វះព័ត៌មាន និងទទួលពាក្យរិៈគន់

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញយុវតីមួយចំនួននាបច្ចុប្បន្នបានកែប្រែទស្សនៈនេះ ព្រមទាំងជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សាបន្តនៅមហាវិទ្យាល័យ ដោយមើលឃើញឱកាសការងារទូលំទូលាយ ស្របតាមចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់របស់ខ្លួន។

កញ្ញា ឡេងរី សុភនាត បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យា (IT) ពីសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានលើកឡើងថា “ខ្ញុំសម្រេចចិត្តរៀនមុខវិជ្ជានេះដោយសារខ្ញុំគិ​តថាមានឪកាសការងារច្រើនក្រោយរៀនចប់ ពេលនោះខ្ញុំទទួលបានអាហារូបករណ៍ ខ្ញុំក៏សម្រេចជ្រើសរើសជំនាញនេះសិក្សាតែម្តង”។

ក្រោយរៀនចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា កញ្ញា ឡេងរី សុភនាត បានក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យា (Software Development) នៅក្រុមហ៊ុនមួយ។ យុវតីរូបនេះបានបន្តថា មនុស្សមួយចំនួនយល់ថា មុខវិជ្ជាព័ត៌មានវិទ្យាសាកសមសម្រាប់តែបុរសសិក្សា ប៉ុន្តែជាក់ស្តែងស្ត្រីក៏អាចសិក្សាបានដែរ។

“ការគិតបែបហ្នឹងទំនងជាការគិតបែបបុរាណ ! មនុស្សស្រីបច្ចុប្បន្នក៏មានសមត្ថភាពសិក្សា និងមានចំណេះដឹងខ្ពង់ខ្ពស់ដូចមនុស្សប្រុស ហើយទទួលបានលទ្ធផលល្អដូចគ្នាដែរ” កញ្ញា ឡេងរី សុភនាត ។ សុភនាត សិក្សាជំនាញព័ត៌មានវិទ្យាទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងខ្លាំងពីក្រុមគ្រួសារ។

ស្រដៀងគ្នានេះដែរ កញ្ញា ឈី សុគន្ធទេវី ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មកំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏បានបង្ហាញថា ៖ “ខ្ញុំចាប់អារម្មណ៍លើការអភិវឌ្ឍន៍​កម្មវិធីបច្ចេកវិទ្យា (Software Development) បង្កើតកម្មវិធីទូរស័ព្ទ។ ខ្ញុំជឿជាក់ថា អនាគតបច្ចេកវិទ្យាដើរតួនាទីសំខាន់នៅក្នុងពិភពលោក ដូច្នេះខ្ញុំចង់ក្លាយជាផ្នែកមួយនៃបច្ចេកវិទ្យាដ៏អសា្ចរ្យមួយនេះ ហើយវាជាអ្វីដែលខ្ញុំស្រលាញ់…”។

កញ្ញា ឈី សុគន្ធទេវី បានបន្តថា នៅកម្ពុជាចំនួនស្ត្រីដែលសិក្សាជំនាញវិស្វកម្មកំព្យូទ័រនៅមានតិច ដោយសារពួកខ្វះព័ត៌មានលម្អិតអំបីមុខវិជ្ជានេះ និងការគាំទ្រលើកទឹកដល់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា។

ចំណែកលោក ម៉ី សូរិទ្ធីវង្ស ធ្លាប់សិក្សាបរិញ្ញាបត្រព័ត៌មានវិទ្យា និងកំពុងបម្រើការងារនៅក្រុមហ៊ុនឯកជន បាននិយាយថា ចំនួននិស្សិតស្រីសិក្សាជំនាញព័ត៌មានវិទ្យាតិច ដោយសារស្ត្រីខ្លួនឯងយល់ថា ជំនាញព័ត៌មានវិទ្យាសាកសមសម្រាប់តែបុរសដោយផ្អែកលើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ សូរិទ្ធីវង្ស បន្ថែមថា អាចមកពីស្ត្រីខ្លួនឯងខ្វះព័ត៌មានសិក្សានិងព័ត៌មានការងារ ស្របនឹងស្ថានភាពផ្នត់គំនិតបុគ្គលនិងគ្រួសារពុំទាន់ឱ្យតម្លៃដល់សិក្សារបស់ស្ត្រីក្នុងជំនាញព័ត៌មានវិទ្យា។

លោក ម៉ី សូរិទ្ធីវង្ស “សម្រាប់ខ្ញុំគិតថា រៀនជំនាញព័ត៌មានវិទ្យា ដូចជាមិនពិបាកទេសម្រាប់ស្ត្រី ពេលខ្លះនិស្សិតស្រីអាចចាប់ជំនាញទន់ (Soft Ware) ឬអាចរើសយកជំនាញគ្រឿងរឹង (Hard Ware) តាមចំណង់ចំណូលចិត្ត… តែភាគច្រើនខ្ញុំដឹងថាស្ត្រីគាត់ជ្រើសជំនាញទន់ច្រើន ដូចជាសរសេរកូដ អភិវឌ្ឍន៍កម្មវិធី ឬតំឡើងកម្មវិធីជាដើម ហើយស្ត្រីបច្ចុប្បន្នរៀនជំនាញនេះច្រើនដែរ តែនៅតិចជាងបុរស”។

ជាការកត់សម្គាល់ នៅកម្ពុជាទោះបីស្ត្រីសិក្សានិងធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យានៅមានចំនួនតិចតូចក៏ដោយ ក៏ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នំាចំនួនសិស្ស-និស្សិតស្រីកំពុងសិក្សានិងចាប់អារម្មណ៍ជំនាញមួយនេះមានកំណើរជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យស្ត្រីចាប់យកមុខវិជ្ជាព័ត៌មានវិទ្យា ឬមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យាឱ្យមានចំនួនកាន់តែច្រើនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner