ប្រមុខក្រសួងមហាផ្ទៃអំពាវនាវដល់ភាគីពាក់ពន្ធទាំងអស់រឹតបន្តឹតឲ្យបានម៉ឺងម៉ាត់បន្ថែមទៀតចំពោះច្បាប់ចរាចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់ ភាគីពាក់ព័ន្ធទាំងអស់បង្កើនវិធានការរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ប្រកបដោយតម្លាភាព និងស្មើភាព ចំពោះច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈការរឹតបន្តឹងកាលពីឆ្នាំ២០២០កន្លងទៅបានកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍បានជាច្រើនករណីនោះ។
ការអំពាវនាវរបស់ប្រមុខក្រសួងមហាផ្ទៃនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានី-ខេត្ត រួមទាំងមន្រ្តីអន្តរក្រសួងជាច្រើនទៀត។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សម្តេចសូមកោតសរសើរចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច យ៉ាងសកម្ម សម្រេចបានលទ្ធផលល្អប្រសើរក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អ្នកស្លាប់ អ្នករបួស ការបាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ មហន្តរាយនេះ។
តែទោះជាអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ មានការធ្លាក់ចុះក្តី ក៏យើងទាំងអស់គ្នាត្រូវតែបង្កើនវិធានការរឹតបន្តឹងច្បាប់នេះ ឲ្យកាន់តែម៉ឺងម៉ាត់ដាច់ខាតបន្ថែមទៀត ប្រកបដោយតម្លាភាព និងស្មើភាព សំដៅកាត់បន្ថយនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឲ្យបានជាអតិបរមា និងត្រូវខិតខំ អនុវត្តឲ្យបានជោគជ័យបន្ថែមទៀតនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ឲ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ ហើយវាបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ប្រសិនបើគ្មានការចូលរួម គោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ណ ឬដោយធ្វេសប្រហែសមិនគោរពស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ឬកង្វាស់វិធាន ការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពនោះ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវមេត្តាចូលរួមបន្ថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីការពារអាយុជីវិតខ្លួនឯងផង និងអ្នកដទៃផង ហើយក៏ដើម្បីសុខដុមរមនាក្នុងគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូ របស់ប្រទេសជាតិទាំងមូលផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន២៣ភាគរយបើប្រៀបធៀបជាមួយឆ្នាំទៅ ដោយក្នុងឆ្នាំ២០២០នេះមានចំនួន៣.១៧៩លើក ខណៈឆ្នាំ២០១៩មានចំនួន៤.១២១លើកនោះ។ តួលេខបានបង្ហាញថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២០នេះ គឺមានចំនួន១៦៤៦នាក់ ធ្លាក់ចុះជាងឆ្នាំ២០១៩កន្លងទៅចំនួន៣៣៥នាក់ ដោយក្នុងឆ្នាំ២០១៩គឺមានចំនួន១.៩៨១នាក់ ខណៈអ្នករងរបួសធ្ងន់ស្រាលរហូតដល់១.៤៥៥នាក់នោះ៕ដោយ -រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner