ពលរដ្ឋកែច្នៃដើមទ្រាំងយកមកធ្វើជាចង្កឹះវែក និងសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
ដោយ៖ម៉ាដេប៉ូ
ព្រះវិហារ៖ប្រជាសហគមន៍កែច្នៃចង្កឹះ ស្រុកឆែប ខេត្តព្រះវិហារបាននាំគ្នាកែច្នៃផលិតផលចេញពីដើមទ្រាំងក្នុងនោះមានដូចជា ចង្កឹះ ដាវ វែកដួសបាយ វែកឆា ឈើច្រត់ កន្ទេលស្លឹកទ្រាំងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលសុទ្ធសឹងកែច្នៃចេញពីដើមទ្រាំង។
រហូតមកដល់បច្ចុប្បន្ននេះ ចង្កឹះផលិតចេញពីដើមទ្រាំង របស់សហគមន៍នេះ បានធ្វើការផ្សព្វផ្សាយលក់ តាមបណ្តាខេត្តខាងក្រៅ និងមួយចំនួនទៀតក៏បាននាំចូលមកលក់ក្នុង រាជធានី ភ្នំពេញ ផងដែរ។
គួរបញ្ជាក់ថាដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកំពស់ពី ៦ ទៅ ២៥ ម៉ែត្រ។ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះច្រៀកធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅ នៅពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។
ប្រជាពលរដ្ឋនៅ ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ លោក វ៉ាន់ជឿន បានប្រាប់ឱ្យដឹងដឹងថាសម្ភារៈធ្វើពីដើមទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអប្បិយជំនឿ។
លោកថាក្នុងជំនឿពលរដ្ឋមួយចំនួនពិសេសជនជាតិចិនជឿជាក់ថា ចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃដោយសារវិញ្ញាណល្អដែលនៅក្នុងដើមទ្រាំង។ក្រៅពីនេះសម្ភារៈធ្វើពីដើមទ្រាំងក៏អាចបណេ្តញឧបទ្រព្យចង្រៃដូចគ្នា។
ដោយឡែក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថាតាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះគឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។
លោកថា”ពលរដ្ឋគាត់ដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ ។របស់ទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង”។
លោកប្រធានក្រុមសហគមន៍រូបនេះឱ្យដឹងដែរថា នៅក្នុងសហគមន៍លោកមានសមាជិក ១៤គ្រួសារបាននាំគ្នាធ្វើរបស់កែច្នៃពីដើមទ្រាំងនេះ។ចំពោះ សម្ភារៈកែច្នៃនេះដូចជាវែកដួសបាយនិងចង្កឹះ មានការពិបាកធ្វើបន្តិច ដោយក្រុមប្រជាសហគមន៍ អាចធ្វើបានក្នុងម្នាក់ចំនួន ១ឬ២ហើយចំណែកចង្កឹះអ្នកខ្លះមាន លទ្ធភាពអាចធ្វើបានត្រឹមតែ២ទៅ៣គូទេ។
ឯកឧត្តម នេត្រភក្ត្រា មន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅដែនជម្រកសត្វព្រៃគូលែន -ព្រហ្មទេព ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារកាលពីថ្មីៗមកនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ល្បិចកលការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាលមានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការងារការពារ និងអភិរក្សហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិផងដែរ៕