សម្ដេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងការពារ កូវីដ-១៩មុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលសម្ដេច នឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ វ៉ាក់សាំង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាដំណាក់កាលដំបូង នៃជំនួយ ចំនួន១លានដូស។
សម្ដេចបន្តថា នៅម៉ោង ៨ និង ៣០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមជាផ្លូវការនៅ មន្ទីរពេទ្យកាល់ម៉ែត្រ ដែលសម្ដេចនឹងទទួលមុនគេ ជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ ។
សម្ដេចតេជោ បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ នឹងមានការផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួច សម្ដេចនឹងធ្វើសន្និសីទសារ ព័ត៌មាន នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។
សម្ដេចក៏បានជំរាបជូនបន្ថែមដែរថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាព ក្នុងដំណាក់កាល ដែលប្រទេសចិន កំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះ សម្ដេចបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។
សម្ដេចតេជោ ហ៊ុន សែន ក៏សូមអរគុណ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង, ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ ដឹកនាំ ចិនផ្សេងទៀត ដែលបានទទួលរូបខ្ញុំ និងគណប្រតិភូ ជាពិសេស បានជួយដល់និស្សិតកម្ពុជា ដែលកំពុងសិក្សា នៅប្រទេសចិន រាប់ទាំងនៅទីក្រុងវូហានផង អោយជៀសផុតពីជម្ងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយ សុវត្ថិភាពនៅ ក្នុងប្រទេសចិនជាមិត្ត ៕ ដោយ វណ្ណលុក