អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ត្រៀមទីតាំងថ្មីដើម្បីធ្វើមណ្ឌលចត្តាឡីស័កបន្ថែម ខណៈដែលកំណើនពលករវិលត្រឡប់ពីថៃ ចាប់ផ្តើមកើនឡើង ជាថ្មី នៅដើមខែកុម្ភៈនេះ

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងរួមនិងឯកឧត្តមជាថ្នាក់ដឹកនាំក្រុមការងារ ជាទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តមស្នងការនគរបាលខេត្ត រួមនិងអាជ្ញាធរស្រុកនិងតំណាងអង្គភាពនៃកងកម្លាំងទាំង៣ តាមបន្ទាត់ព្រំដែនខ្មែ-ថៃ ក្នុងភូមិសាស្ត្រនៃស្រុកកំរៀង ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើល ស្ថានភាពទីតាំងរៀបចំមណ្ឌលចត្តាឡីស័កថ្មីបន្ថែមមួយកន្លែងទៀតដើម្បីត្រៀមទុកជាមុននៅពេលបងប្អូនពលករខ្មែរវិលត្រឡប់មកកាន់ស្រុកកំណើតក្នុងរដូវបុណ្យទាននិងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែខិតជិតចូលមកដល់។

      ការចុះពិនិត្យមើលទីតាំងថ្មីដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងការរៀបចំទីកន្លែង ឲ្យបងប្អូនទាំងនោះបានស្នាក់នៅ រយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យសុខភាពពីក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ និងដើម្បីធ្វើតេស្តយកវត្ថុសំណាក ពីបងប្អូនទាំងនោះ ដើម្បីពិនិត្យមើលមេរោគកូវីដ-19 មុននិងឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតខ្លួនវិញ ខណៈដែលនៅដើមខែកុម្ភៈឆ្នាំ២០២១នេះ អត្រាកំណើន នៃពលករឆ្លងដែនពីប្រទេសថៃ នៅតាមច្រកព្រំដែន ជាប់ខេត្តបាត់ដំបង មានកំណើនកើនច្រើនខុសធម្មតា ដែលបញ្ហានេះ ត្រូវបានអាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ បានត្រៀមរៀបចំនូវមណ្ឌលចត្តាឡីស័កបន្ថែម នៅតាមស្រុកជាប់ព្រំដែន ខណៈក្នុងរដូវនេះ សម្បូរទៅដោយពិធីបុណ្យទាន់ផ្សេងៗ។

      ក្នុងឱកាសចុះពិនិត្យទីតាំងដែលត្រូវរៀបចំធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកកំរៀង កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ បានមានប្រសាសន៍ថា៖ មណ្ឌលចត្តាឡីស័កដែលត្រៀមរៀបចំថ្មីនេះ គឺ៖សម្រាប់ត្រៀមបង្ការជាមុន នៅពេលដែលមណ្ឌលចត្តាឡីស័កមានស្រាប់មានចំនួនកើនពេញ។អាជ្ញាធរត្រូវបញ្ជូនពលករដែលទើបត្រឡប់មកពីថៃឲ្យមកកាន់កន្លែងថ្មី។ហើយនៅពេលកន្លែងចាស់មានពលករធ្វើចត្តាឡីស័កគ្រប់កំណត់១៤ថ្ងៃ ដែលអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះបាន។គឺអាចផ្ទេរបងប្អូនទាំងនោះពីមណ្ឌលថ្មី បញ្ជូនទៅមណ្ឌលចាស់ ជាបន្តបន្ទាប់វិញ។

      ក្នុងការចុះពិនិត្យមើលនូវទីតាំងថ្មីគ្រោងរៀបចំនោះឯកឧត្តម ខេង សុមេធ ក៏បានជំរុញដល់អាជ្ញាធរខេត្តបាង់ដំបងនិងមន្ត្រីជំនាញ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កថ្មីបន្ថែមនេះឲ្យបានល្អ ត្រូវមានទាំងកន្លែងសម្រាក បន្ទប់ទឹក និងបង្គន់អនាម័យ ព្រមទាំងទីកន្លែងចំអិនអាហារ ដើម្បីផ្តល់អាហារប្រចាំថ្ងៃ ចំនួន៣ពេល ឲ្យបានសមស្រប។ ពិសេស ឲ្យពួកគាត់ ត្រូវអនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

      លោក សុខ គឹមខុន អភិបាលស្រុកកំរៀង ក៏ បានឲ្យដឹងផងដែរថា៖ កន្លងមកនេះ មានពលករឆ្លងដែនពីប្រទេសថៃ តាមច្រកព្រំដែនជាប់ស្រុកកំរៀង មានជារៀងរាល់ថ្ងៃ។បច្ចុប្បន្ន នៅក្នុងស្រុកកំរៀង មានមណ្ឌលចត្តាឡីស័ក ចំនួន០៣កន្លែង អាចដាក់ពលករបានជាមធ្យម ចំនួន ៦០០នាក់។ ក្មុងនោះ ក៏មានអ្នកបញ្ចប់ការធ្វើចត្តាឡីស័ក បានបន្តចេញជាបណ្ដើរៗផងដែរ។តែកំណើនចូលវិញក៏នៅមានកំណើនច្រើន ។

      លោកអភិបាលស្រុកកំរៀង បានគូសបញ្ជាក់ទៀតថា៖ក្នុងការដោះស្រាយបញ្ហាខាងលើនេះ ក៏មានក្រុមហ៊ុនឯកជនមួយ បានផ្តល់ដីរបស់ខ្លួនប្រមាណ២ហិកតា ដែលមានទីតាំងជិតព្រំដែនថៃ ឲ្យខ្ចីបណ្តោះអាសន្ន ដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌលចត្តាឡីស័ក ដល់ពលករដែលទើបតែប្រឡប់មកពីប្រទេសថៃ។ហើយទីតាំងនិងដីមួយកន្លែងនេះត្រូវបានអាជ្ញាធរ ពិនិត្យរួចរាល់ អស់ហើយដែរ ។

      ក្នុងការចុះពិនិត្យមើលទីតាំងថ្មីនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ ដល់កម្លាំងសមត្ថកិច្ច ការពារព្រំដែនទាំងអស់ត្រូវតែសហការជាមួយមន្ត្រីសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ក្នុងការរឹតបន្តឹងនូវក្នុងការត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ឲកយបាន។ ដោយមិនត្រូវឲ្យពលករណាម្នាក់ អាចរួចណីការគេចវេស ពីការមិនឲ្យពិនិត្យនូវសុខភាព និងការយកសំណាក រួមទាំងការធ្វើចត្តាឡីស័ក គឺមិនអាចលើកលែងនូវក្នុងករណីអ្នកណាម្នាក់ បាននោះឡើយ។

        សូមបញ្ជាក់ថា៖ប៉ុន្មានថ្ងៃនៃដើមខែកុម្ភៈនេះចំនួនពលករឆ្លងដែនមកពីប្រទេសថៃ ក្នុងអំឡុងប៉ុន្មានថ្ងៃនេះកំពុងមានការរីករាលដាល នៃ ជំងឺកូវីដ-១៩ ដែលយ៉ាងហោចណាស់ បានធ្វើដំណើរតាមច្រកនានាជាប់ខេត្តបាត់ដំបង និងកំពុងតែមានចំនួនលើស១០០នាក់ និងកំពុងតែបន្តមកថែមទៀតជាហូរហែរ ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner