គ្រោះធម្មជាតិ រន្ទះបាញ់ងាប់សត្វគោញីឈ្មោលងាប់ ៦ក្បាល នៅស្រុកក្រគរ
ខេត្តពោធិ៍សាត់៖ យ៉ាងហោចសត្វពាហនៈ(គោ)ញីឈ្មោលចំនួន ៦ក្បាល ត្រូវបានរន្ទះបាញ់ងាប់គរជើងគ្នា ម្ចាស់បានត្រឹមសោកស្ដាយ និងហួសចិត្ត។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ឆក់យកជីវិតសត្វខាងលើ បានកើតឡើងនៅវេលាម៉ោង១២ និង០០នាទី កណ្ដាលថ្ងៃត្រង់ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកោះយ៉ា ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលស្រុកក្រគរប្រាប់ថា នៅវេលាខាងលើផ្ទៃមេឃស្រទុំពណ៌ខ្មៅ មានរលឹមស្រេចៗលាយឡំទៅដោយខ្យល់ ផ្គរ និងរន្ទះ ក៏ស្រាប់តែមានភ្នែកមន្ទោល និងរន្ទះបាញ់សត្វពាហនៈ(គោ)ញីឈ្មោល បណ្ដាលឲ្យងាប់ទាំងហ្វូង(៦ក្បាល)រដូករណែលបែបនេះ។
នគរបាលស្រុកដដែលប្រាប់បន្តថា ម្ចាស់សត្វពាហនៈ(គោ)ញីឈ្មោលដែលរន្ទះបាញ់ងាប់ឈ្មោះ គង់ ហុង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដង្គៀមក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គាត់ពិតជាមហាសែនសោកស្ដាយសត្វរបស់គាត់ណាស់ មិនគួរធម្មជាតិកំណត់មកលើក្រុមគ្រួសារពួកគាត់បែបនេះសោះ៕ធ.ដ