ព្រះមេគណខេត្តនិងសហការីសាលាគណខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគប្រគេនដល់វត្តទាំង៣៨នៅស្រុកជីក្រែងនិងណែនាំដល់ព្រះសង្ឃ កុំភ្លេចខ្លួននិងកុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩
សៀមរាប៖ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាបរួមជាមួយសហការីសាលាគណខេត្ត សហការជាមួយសាលាអនុគណស្រុកជីក្រែង ព្រមទាំងពុទ្ធបរិស័ទក្នុងក្រុងសៀមរាប និមន្ដ និង អញ្ជើញចុះទៅស្រុកជីក្រែង ដើម្បីសួរសុខទុក្ខ ប្រគេនទេយ្យទានខ្លះៗ ដល់ព្រះសង្ឃតាមបណ្ដាវត្តទាំង៣៨ក្នុងស្រុក។
បើតាមថេរៈដីកា ព្រះវិមលសំវរភទ្ទកោ នឿម វុទ្ឋី សមាជិកមន្ត្រីសង្ឃសាលាគណខេត្តថា៖ នេះជាលើកទី៣នៃដំណើរសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានាក្នុងទូទាំងខេត្ត ធ្វើឡើងស្របតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជូនដំណឹងឱ្យគណៈសង្ឃទាំង២៥ រាជធានី ខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋានរបស់ខ្លួន ក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗតាមប្រពៃណីទំនៀមទំលាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការ ការពារ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទៅក្នុងគ្រួសារនិងសហគមន៍។
សួរសុខទុក្ខនិងសំណេះសំណាល នាឱកាសនោះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប មានថេរៈដីកាថា៖ ដោយសារតែមេរោកូវីដ-១៩ បានបណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផងដែរ ដូច្នេះហើយបានជាសាលាគណខេត្ត បានត្រៀមស្បៀងអាហារខ្លះៗតាមលទ្ធភាពសម្រាប់ជួយដល់វត្តអារាមណាដែលខ្វះខាតចង្ហាន់ ហើយសង្ឃឹមថា ព្រះគ្រូអនុគណនិង សហការី លោកគ្រូចៅអធិការ តាមបណ្តាវត្តទាំងអស់ក្នុងស្រុកនេះ ខិតខំយកព្រះទ័យទុកដាក់ខ្ពស់ទៅតាមតួនាទីជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយប្រតិបត្តិតាមធម៌វិន័យជាគោលធំចម្បងបំផុត ដើម្បីជួយទប់ស្កាត់ការរីករាល់ដាលនៃជំងឺឆ្លងនេះ និងពង្រឹងកម្មវិធីសិក្សា តាមបែបពុទ្ធិកសិក្សាឱ្យបានកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាពជារៀងរាល់ឆ្នាំ ។ព្រះអង្គបានជម្រុញដល់សាលាអនុគណស្រុកត្រូវដាស់តឿនដល់សាមណៈសិស្សឱ្យធ្វើស្វ័យសិក្សាឡើងវិញ តាមរយៈការសិក្សាក្នុងកុដិរៀងៗអង្គ ចៀសវាងការសិក្សាប្រមូលផ្តុំគ្នាច្រើន។
ព្រះមេគណខេត្តសៀមរាប ក៍បានណែនាំឱ្យលោកគ្រូចៅអធិការគ្រប់វត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តឱ្យបានល្អនូវវិធានការការពារកុំឱ្យឆ្លងមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ព្រោះមេរោគនេះវាកាចសារហាវនិងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់នៅទូទាំងពិភពលោក និងបានណែនាំនិងហាមចំពោះការជួបជុំប្រារព្ឋពិធីសាសនាផ្សេងៗដែលមានរូបភាពនិងលក្ខណៈប្រមូលផ្តុំមនុស្សច្រើន បើថ្ងៃឧបោសថសីលហើយដូនជីតាជីមកសមាទានសីលនៅក្នុងវត្ត ត្រូវរៀបចំការអង្គុយ និងការប្រាស្រ័យទាក់ទងនានា ត្រូវរក្សាគំលាតពីគ្នាយ៉ាងតិចមួយម៉ែត្រ សូមរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបង្កើនស្មារតីការពារតាមវិធាននានា ដែលក្រសួង សុខាភិបាលបានណែនាំ នេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ យើងមិនត្រូវមើលស្រាលឬធ្វេសប្រហែសនិងប្រមាថជាដាច់ខាត។
ក្នុងដំណើរសួរសុខទុក្ខនេះ ព្រះមេគណខេត្ត បានសម្ដែងការសាទរ ចំពោះក្រុមការងារដែលបានរៀបចំ ការងារនេះ និងបានថ្លែងអំណរគុណដល់សប្បុរសជន ទាំងឡាយ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយព្រះសង្ឃក្នុងឪកាសដ៍លំបាកនេះ។គ្រឿងឧបភោគបរិភោគនិង ទេយ្យវត្ថុដែលត្រូវប្រគេនទាំង៣៨វត្ត សរុបរួមមានៈ ថវិកា ចំនួន ៦,០២០,០០០(៦លាន២ម៉ឹនរៀល)- មីចំនួន ១១៣កែស- ទឹកត្រីចំនួន ៦៩យួរ- ទឹកស៊ីអ៊ីវចំនួន ៤៣យួរ- ត្រីខចំនួន ៧៩កែស- ប៊ីចេងចំនួន ១០គីឡូក្រាម- អង្ករចំនួន ២០ការ៉ុង- សាច់ក្រកចំនួន ១០គីឡូក្រាម- ចានស្រាក់ចំនួន៧៦ស្រាក់- ត្រីឆ្អើរចំនួន២,០២០ក្រាស់៕