សាកលវិទ្យាល័យជាតិបាត់ដំបង បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១

អត្ថបទដោយ៖
Kien Sereyvuth

  ក្នុងឱកាសប្រកាសតែងតាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបងកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងជំរុញនិងបានក្រើនរំលឹកថា៖គ្រប់សាកលវិទ្យាល័យទាំងអស់ ទាំងរបស់រដ្ឋនិងឯកជន ត្រូវតែរៀបចំពង្រឹងនូវវិន័យក្នុងសាលារបស់ខ្លួន ដើម្បីឲ្យកម្មវិធីសិក្សាមានកម្រិតស្ដង់ដារនិងបង្កើនសមត្ថភាព របស់និស្សិត ដែលចូលរៀននៅសាលាខ្លួន ត្រូវបង្រៀន និងធ្វើឲ្យពួកគេបញ្ចប់ការសិក្សាទៅមានចំណេះដឹងជំនាញច្បាស់លាស់ និងប្រកបដោយគុណភាពល្អ ។

        ជាមួយគ្នានេះផងដែរ ឯកឧត្តម ស សុខា ក៏ បានជំរុញនៅតាមសាកលវិទ្យាល័យ ក៏គួរស្វែងរកក្រុមហ៊ុនដៃគូឲ្យបានច្រើនដែលអាចឲ្យនិស្សិតនៅពេលដែលពួកគេបញ្ចប់ការសិក្សា ពួកគេមានការងារធ្វើបានលឿន។

       ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានរំលេចឲ្យដឹងបន្ថែមទៀតថា៖ក្រសួង បានធ្វើការជំរុញនៅតាមសាកលវិទ្យាល័យ ឲ្យខិតខំស្វែងរកក្រុមហ៊ុននានា ដើម្បីបង្កើតធ្វើជាដៃគូ និងត្រូវមានទំនាក់ទំនងល្អឲ្យបានច្រើន ដើម្បីជាឱកាសដល់សិស្សនិស្សិតបានបញ្ចប់ការសិក្សាក្នុងសាលារបស់ខ្លួន ហើយពួកគេអាចចូលធ្វើការ ក្នុងក្រុមហ៊ុនទាំងអស់នោះ ទៅតាមជំនាញបាន ។ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដោយធ្វើការក្រើនរំលឹកដល់សិស្សនិស្សិត ក៏ត្រូវចេះទទួលយកឱកាស ក្តាប់ឱកាសក្នុងការពង្រឹងនូវសមត្ថភាពខ្លួន និងចេះសម្របសម្រួលខ្លួន ដើម្បីទទួលយកនូវភកាសទាំងនោះ ដើម្បីអនាគតរបស់ខ្លួន។

       ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ ទន្ទឹមនេះដែរ នៅតាមសាលានីមួយៗ ក៏ត្រូវមានទំនាក់ទំនងល្អ ជាមួយនិងបណ្តាក្រុមហ៊ុននានា ដែលវាអាចផ្ដល់នូវឱកាសក្នុងការបញ្ជូននិស្សិតចុះធ្វើកម្មសិក្សាទាំងនៅក្នុងសាលាខ្លួន និងទៅធ្វើការនៅក្រុមហ៊ុនទាំងអស់នោះ ដោយមិនចាំបាច់ឲ្យពួកគេចំណាយពេលវេលាច្រើន ក្នុងការស្វែងរកនូវការងារធ្វើ។

       ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានធ្វើការណែនាំផ្ដាំផ្ញើនូវចំណុចមួយចំនួន ដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវខិតខំនិងបន្តនូវការពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងការដឹកនាំឲ្យបានល្អ ហើយសាស្ត្រាចារ្យ ក៏ត្រូវពង្រឹងនូវសមត្ថភាព ស្វះស្វែងក្នុងការទាញយកចំណេះដឹងថ្មីៗ ដើម្បីផ្ដល់ការសិក្សាដល់និស្សិតតាមរយៈការស្រាវជ្រាវការបង្រៀន និងត្រូវធ្វើទំនើបកម្មនៅក្នុងកម្មវិធីសិក្សារបស់ខ្លួន។ចំពោះសិស្សនិស្សិត ក៏ត្រូវខិតខំរៀនសូត្រ ចេះស្វ័យសិក្សាស្រាវជ្រាវ និងតាមរយៈបង្កើតជាក្រុមតូចៗក្នុងការរៀនសូត្រដោយខ្លួនឯង។

       ឯកឧត្តមក៏បានសំណូមពរទៅដល់អាជ្ញាធរឲ្យបន្តគាំទ្រនិងសហការល្អជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការបណ្ដុះបណ្តាលនូវធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីមានឱកាសចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ។

     បន្ទាប់ពីទទួលបាននូវការប្រកាសចូលកាន់មុខតំណែងជាសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម សុខ ឃន បានប្ដេជ្ញាចិត្តក្នុងការពង្រឹងនូវសមត្ថភាពដឹកនាំរបសខ្លួន និងក្នុងការគ្រប់គ្រងសាលារដ្ឋមួយនេះ ឲ្យទទួលបានជោគជ័យ ដើម្បីបន្តជួយលើកកម្ពស់ គុណភាពអប់រំ និងបន្តនូវវប្បធម៌ ការថែរក្សាធ្លុងសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អរឹងមាំ និងប្តេជ្ញាអនុវត្តនូវផែនការកំណែទម្រង់ ទៅតាមការណែនាំនិងការតម្រង់ទិសរបស់គណៈកម្មការគ្រប់គ្រង់សាកលវិទ្យាលជាតិបាត់ដំបង ។

       គួរបញ្ជាក់ដែរថា៖ គិតត្រឹមថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២១ សាកលវិទ្យាលជាតិបាត់ដំបង ក្នុងឆ្នាំសិក្សាថ្មី មានសិស្សចុះឈ្មោះចូលរៀនជាង ១.៦០០នាក់ នូវក្នុង ៣១ឯកទេស និង មាននិស្សិតអាហារូបករណ៍ចូលរៀនរាប់រយកន្លែងផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner