បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់៣កង់នៅផ្លូវព្រះមុនីវង្ស
ភ្នំពេញ ៖ មនុស្សប្រុសស្រីមួយក្រុមបានបើករថយន្ត toyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៣កង់ ឯរថយន្តខូចខាតផ្នែកខាងមុខនិងដាច់កង់ម្ខាងទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ១០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងប្រុសស្រីពីរនាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AZ-0771ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ២១៧បានបត់ឆ្វេងដៃក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៣កង់ ឯរថយន្តរងការខូចខាតផ្នែកខាងមុខនិងដាច់កង់ម្ខាងទៅមុខលែងរួច។បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា