សម្តេចក្រឡាហោម ស ខេង រំលឹកដល់អាជ្ញាធរត្រូវជួយពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយមិនត្រូវគិតនិន្នាការនយោបាយឡើយ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ត្រូវចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ឲ្យបានទាន់ពេលវេលា និងមិនត្រូវគិតថាពួកគាត់មាននិន្នានាការនយោបាយអ្វីនោះឡើយ ហើយមួយវិញទៀតត្រូវត្រៀមរៀបចំគ្រឿងឧបភោគ បរិភោគ សម្ភារៈ សម្រាប់ជួយពួកគាត់ផងដែរ។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន សមាជិក និងក្រុមជំនួយការ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩កុម្ភៈនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា គ្រោះមហន្តរាយដោយធម្មជាតិមានដូចជា ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ រលកយក្សស៊ូណាមិ ការបាក់ច្រាំងទន្លេ ភាពរាំងស្ងួតយូរ ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង ជំងឺរាត ត្បាត និងសត្វបំផ្លាញដំណាំជាដើម ហើយសម្រាប់គ្រោះមហន្តរាយជាយថាហេតុ គឺមានដូចជា ការបាក់រលំអគារ ការធ្លាក់យន្តហោះ អគ្គីភ័យជាដើម ហើយគ្រោះទាំងឡាយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរយើង ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវសហការគ្នាឲ្យបានល្អក្នុងការចុះជួយដល់ពួកគាត់ដែលរងគ្រោះនោះ។

សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទំនាក់ទំនងឲ្យបានជាប់ជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន ។ ហើយត្រូវតាមដានស្ថានភាពមុនពេលកើត នៅពេលកើត និង ក្រោយពេលកើតគ្រោះមហន្តរាយ។ត្រូវរៀបចំបែងចែកភារកិច្ចចុះជួយសង្រ្គោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ជាពិសេសត្រូវជួយប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយមិនគិតនិន្នាការនយោបាយឡើយ ។ ម៉្យាងវិញទៀត ក៏ត្រូវត្រៀមរៀបចំគ្រឿងឧបភោគ បរិភោគ សម្ភារៈ សម្រាប់ជួយប្រជាជនដែលរងគ្រោះ ឲ្យបានទាន់ពេលវេលាផងដែរ។

ដោយឡែកសម្រាប់មេរោគកូវីដ១៩ ដែលកំពុងយាយីសកលនាពេលបច្ចុប្បន្ននេះ សម្តេចក្រឡាហោ ក៏បានចាត់ទុកជាគ្រោះមហន្តរាយផងដែរ ប៉ុន្តែដោយសារមានការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានដាក់វិធានការជាច្រើនដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ដែលត្រូវបានជាប់ចំណាត់ ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក ជាប្រទេសដែលការពារការឆ្លងជំងឺ Covid-19 បានល្អជាងគេនោះ។

យ៉ាងណាក៏ដោយ សម្តេចអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល អនុវត្តន៍តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដូចជាលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ បាញ់អាល់កុលសម្អាតដៃខ្លួនប្រាណ និងគម្លាតពីគ្នា ប្រើប្រាស់ម៉ាសការពារជាដើម បើទោះបីជាស្ថានភាពនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្នពុំមានករណីធ្ងន់ធ្ងរនៅឡើយចំពោះមេរោគកូវីដ១៩នេះ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner