ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តបាត់ដំបង បានអំពាវនាវនិងក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន កុំជួយបិទបាំងករណីបងប្អូនពលករវិលត្រឡប់ពីថៃ

អត្ថបទដោយ៖
Kien Sereyvuth

   ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជា អភិបាលខេត្តបាត់ដំបង បានថ្លែងដោយការក្រើនរំលឹក និងបានធ្វើការអំពាវនាវនិងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ តាមបណ្តាស្រុកទាំង៣ ភាគខាងលិចរបស៎ខេត្តបាត់ដំបង សូមកុំនាំគ្នាឃុបឃិតលាក់បិទបាំងបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីថៃ ចូលតាមច្រករបៀងឬឆ្លងកាត់អូរចូលមកក្នុងប្រទេសយើងវិញ?វាអាចបង្កមហន្តរាយធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍យើងនៅពេលដែលពួកគេចូលមកហើយ តែមិនបានត្រួតពិនិត្យសុខភាពរកករំណីការឆ្លងមេរោគកូវីដ-19ជាមុនពីមន្ត្រីសុខាភិបាលជួរមុខនៅទីនេះ។ហើយក៏មិនត្រូវជួយលាក់លៀមបិទបាំង ពីកងកម្លាំងសមត្ថកិច្ចដែលយាមប្រចាំនិងត្រួតពិនិត្យនៅតាមបន្ទាត់ព្រំដែន ខ្មែរ-ថៃ តាមបណ្តាស្រុក របស់ ខ្លួនរួមមាន៖ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន។

     ការលើកឡើងបែបនេះ គឺខណៈពេលដែលឯកឧត្តម បានអញ្ជើញចុះត្រួតពិនិត្យមើលសភាពការណ៍មួយចំនួននៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកទាំង៣ខាងលើ របស់ ខេត្តបាត់ដំបង នៅថហងៃទី០៨ខែកុម្ភៈ២០២១នេះ និងចង់ស្វែងយល់ពីចំណុចមួយចំនួនដែលបងប្អូនពលករខ្មែរតែងតែឆ្លងកាត់និងលបលួចចេញចូល នៅតាមចំណុចឆ្លងអូរព្រំដែនកន្លងមក។ដោយសារតែហេតុផលខាងលើ នេះដើម្បីទប់ស្កាត់ លំហូរពលករដែលវិលត្រឡប់ពីប្រទេសក្នុងរដូវបុណ្យទាន និងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និង ពីការផ្ទុះនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-19 នៅក្នុងសហគមន៍ពីប្រទេសជិតខាងផងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងទប់ស្កាត់និងការត្រួតពីនិត្យពីការវិលត្រលប់របស់បងប្អូន ក្នុងការត្រួតពិនិត្យសុខភាព និងការដាក់ឲ្យធ្វើចត្តាឡីស័ក តាមមណ្ឌលនានាដែលរៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលជាមុន រយៈពេល១៤ថ្ងៃ ដើម្បីធ្វើតេស្តយកវត្ថុសំណាកពិនិត្យមើលមេរោគផ្លូវដង្ហើមកូវីដ-19។

      ប្រភពពីរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថាពលករឆ្លងដែនពីថៃ តាមច្រកជាប់ខេត្តបាត់ដំបង ត្រឹមមួយសប្ដាហ៍៍កន្លងមកនេះ មានការកើនឡើងជាបន្តបន្ទាប់ជាង១ពាន់នាក់ គិតត្រឹមតែរយៈពេលមួយសប្ដាហ៍ ដើមខែកុម្ភៈឆ្នាំ២០២១នេះ។ ហើយសាលារៀនចំនួន៥កន្លែង នៅតែបន្តធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករដែលវិលត្រឡប់ពីប្រទេសថៃដើម្បីវិលត្រឡប់មកស្រុកកំណើតខ្លួនវិញជាបន្តបន្ទាប់។

        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញទៅកម្លាំងសមត្ថកិច្ចការពារព្រំដែនទាំងអស់និងគ្រប់អង្គភាពចម្រុះ ដែលប្រចាំការរឹតបន្តឹងនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ត្រូវសហការជាមួយមន្ត្រីសុខាភិបាលជួរមុខ ក្នុងការពិនិត្យសុខភាពនិងការយកវត្ថុសំណាក និងរឹតបន្តឹងវិធានសុខាភិបា

ល ក្នុងការដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះបងប្អូនប្រជាពលករដែលវិលត្រឡប់ទាំងនោះឲ្យបានម៉ឺងម៉ាត់ ចៀសវាងមានការលួចរត់ចេញពីមណ្ឌល ។

       ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនដែលរស់នៅតាមបន្ទាត់ព្រំដែន សូមចូលរួមជាមួយរាជរដ្ឋាភិបាលជាមួយរដ្ឋបាលខេត្ត ជាមួយកម្លាំងសមត្ថកិច្ចប្រចាំការនៅក្បែរៗទីនេះ និងរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់រួមគ្នាទប់ស្កាត់ការឆ្លង ការចម្លងកូវីដ-19 តាមរយៈការវិលត្រឡប់របស់បងប្អូនពលករយើង ដោយជួយសហការ និង ចេះណែនាំដល់បងប្អូនទាំងនោះឲ្យចូលខ្លួនទៅកាន់មណ្ឌលចត្តាឡីស័កដែលមានក្នុងស្រុកនីមួយៗដែលខ្លួនឆ្កងកាត់។ ហើយចៀសវាងជាដាច់ខាតពីការបិទបាំង លាក់លៀមបងប្អូនទាំងនោះឲ្យគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាវិធានការម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាល និងអាចឲ្យបងប្អូន ប្រឈមចំពោះមុខច្បាប់ នៅពេលដែលរកឃើញថា៖ បងប្អូនបានរួមផ្សំគំនិត ក្នុងការបង្វែងដានលាក់បំពួនឲ្យគេចវេសពីការធ្វើចត្តាឡីស័កនៅតាមមណ្ឌល ដែលមាននៅទីនោះស្រាប់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប  )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner