អាជ្ញាធរខេត្តសៀមរាប មានក្តីសង្ឃឹមថា ក្រោយពីគម្រោងនានាក្នុងខេត្តសម្រេចបាន ជាលទ្ធផល និងធ្វើឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តសៀមរាប នឹងមានការឈានឡើងថែមទៀត ក្រោយពីវិបត្តិកូវិដ១៩
នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ២០២១ មានរៀបចំធ្វើកិច្ចប្រជុំមួយ ស្តីពីការពិនិត្យ ទៅលើរបាយការណ៍ វាយតម្លៃនៃផលប៉ះពាល់បរិស្ថាន និងសង្គម ដំបូង IESIA សម្រាប់គម្រោងកែលម្អក្រុងសៀមរាប ជំហានទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត ។
ឆ្លងតាមការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន អេស.បី.ខេ លើគម្រោងកែលម្អស្ទឹងសៀមរាប ជំហាន២ ប្រវែង៥គីឡូម៉ែត្រ ដែលគ្រោងថវិកា ២០លាន២៦៨ពាន់ដុល្លាអាមេរិក ដែលជាថវិកាកម្ចីសម្បទាន(Loan) ពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រសួងសាធារណការនិងដឹកជញ្ជូន ជាម្ចាស់គម្រោង និង សេចក្តីរាយការណ៍របស់មន្ទីរជំនាញ ព្រមទាំងកិច្ចពិភាក្សាទៅលើរាល់ផលប៉ះពាល់នៅតាមដងស្ទឹង ដែលនៅសេសសល់មិនទាន់បានរុះរើលំនៅដ្ឋាន ។ ក្នុងនោះអង្គប្រជុំក៏បានផ្តោតសំខាន់ ទៅលើបញ្ហាបរិស្ថាន និងការបំពុល បរិស្ថានទឹកស្ទឹង ដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពនៅតាមដងស្ទឹង ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏បានឯកភាពក្នុងអនុវត្តគម្រោងកែលម្អស្ទឹងនៅផ្នែងខាងលើ ពីស្ពានអាងក្រពើ ទៅដល់ស្ពានអង្គរ ។ ក្នុងគម្រោងនេះដែលនឹងដំណើរការបើកការដ្ឋាន នៅដើមខែមីនានេះ ព្រមទាំងមានការរៀបចំដើមឈើ ក្នុងការទប់ដីកុំឲ្យច្រោះបាក់នៅតាមមាត់ស្ទឹង ដោយចរន្តទឹកហូរ និង ធ្វើឲ្យសោភណ្ឌភាពស្ទឹង កាន់តែស្រស់ស្អាតប្រកបដោយលក្ខណៈធម្មជាតិ ព្រមទាំងស្ថាបនាផ្លូវសង្ខាងស្ទឹងទៀតផង ។
ឯកឧត្តម ង៉ាន់ ភិរុណ ក៏បានធ្វើការឯកភាពទៅតាម កិច្ចពិភាក្សា ក្នុងការបន៉ីសគម្រោង កែលម្អស្ទឹងនៅផ្នែកខាងលើ ទៅគម្រោងរបស់កូរ៉េ និង ធ្វើការដាំដុះដើមឈើឡើងវិញនៅតាមដងមាត់ស្ទឹង ក្នុងការលើកកម្ពស់បរិស្ថានធម្មជាតិនៃដងស្ទឹងប្រវត្តិសាស្ត្រទៀតផង ។
ក្នុងនោះដែរឯកឧត្តម ក៏បានជម្រុញដល់ម្ចាស់គម្រោង ត្រូវធ្វើការសិក្សាបន្ថែម ចំពោះផ្លូវសម្រាប់ជនពិការ ផ្លូវថ្មើរជើង និងទីចំណតយានយន្ត ព្រមទាំងទីលានហាត់ប្រាណ និងត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និង ប្រព័ន្ធលូរទឹកភ្លៀង កុំឲ្យហូរចូលក្នុងស្ទឺងសៀមរាបឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ ម៉្យាងទៀត គម្រោងកែលម្អរស្ទឹងសៀមរាបនេះ ដោយប្រើប្រាស់ថវិកាកម្ចី ក៏ដូចជាថវិការាជរដ្ឋាភិបាល ហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំប្លង់មេឲ្យបានត្រឹមត្រូវ និង រៀបចំឲ្យគម្រោងនេះបន៉ីសគ្នាជាមួយគម្រោងស្តារស្ទឹងសៀមរាបរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម សង្ឃឹមជឿជាក់ផងដែរថា នៅពេលគម្រោងផ្លូវ៣៨ខ្សែ និងគម្រោងកែលម្អរស្ទឹងសៀមរាប និងអាកាសយានដ្ឋានថ្មី រួមទាំងគម្រោងរៀបចំគ្រប់គ្រងរមណីដ្ឋានភ្នំគូលែន បានស្ថាបនាហើយរួចរាល់ នឹងធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានការប្រែប្រួលឡើងសេដ្ឋកិច្ចថែមទៀត ៕ម៉ី សុខារិទ្ធ