អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង មានថ្នាក់ដឹកនាំ និងអ្នកសារព័តមានសរុប ៣៣៩នាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃដំបូង

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃដំបូង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មានថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មាន ចំនួន៣៣៩នាក់ ក្នុងនោះមានស្រ្តី៧៥នាក់។ លោកជំទាវ បន្តថា សរុបអ្នកដែលមកកាន់ទីតាំងដើម្បីចាក់ថ្ងៃវ៉ាក់សាំងកូវីដ១៩ មានចំនួន ៤២៥នាក់ (ស្រី ១០៤នាក់) ដោយក្នុងនោះមាន អ្នកបានចាក់វ៉ាក់សាំងរួច ៣៣៩នាក់ (ស្រី ៧៥នាក់) និង អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន ៨៦នាក់ (ស្រី ២៩នាក់)។

នៅថ្ងៃ១០ ខែកុម្ភៈ មានថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៉ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner