លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង២០០លានដូសបន្ថែមទៀត
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់លោកបានចុះកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងចំនួន២០០លានដូសបន្ថែមទៀត តបតាមការសន្យាកាលពីខែមករាកន្លងទៅ ក្នុងគោលបំណងបង្កើនការចាក់វ៉ាក់សាំងអោយដល់ប្រជាជនគ្រប់គ្នា ។
លោក ចូ បៃដិន បានថ្លែងនៅឯវិទ្យាសា្ថនសុខាភិបាលជាតិក្នុងទីក្រុង Bethesda រដ្ឋ Maryland ថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនផលិតឱសថ Pfizer Inc. និង Moderna Inc. ដែលតម្រូវអោយក្រុមហ៊ុននីមួយផ្តល់ជូននូវវ៉ាក់សាំង១០០លានដូសបន្ថែមទៀត ។ ការបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតនេះ នឹងនាំអោយការបញ្ជាទិញរបស់សហរដ្ឋអាមេរិកពីក្រុមហ៊ុនផលិតឱសថធំៗទាំងពីរនេះ សរុបកើនឡើងដល់៦០០លានដូស ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២ពាន់២៤០នាក់ ស្លាប់ចំនួន៤៨ម៉ឺន៦ពាន់៩២២នាក់ និងជាសះស្បើយចំនួន១៧លាន៩៣ម៉ឺន៨១៩នាក់ ៕ ប្រភព៖ Reuters

