ទីបំផុតសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា១០រូប ពីបទផ្តួលរំលំរដ្ឋាភិបាលស៊ីវិល
អាមេរិក៖ ទីបំផុតសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ា១០រូប ចំពោះតួនាទីរបស់ពួកគេក្នុងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ដែលធ្វើអោយមានការថ្កោលទោសពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ។
បើតាមសេតវិមានរបស់សហរដ្ឋអាមេរិក ការដាក់ទណ្ឌកម្មនេះ គឺអំពាវនាវដល់យោធាមីយ៉ាន់ម៉ា ត្រូវប្រគល់អំណាចដល់មេដឹកនាំដែលបានជាប់ឆ្នោត បញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន និងដោះលែងអ្នកដែលត្រូវបានចាប់ឃុំខ្លួន ។ សេតវិមានបន្ថែមថា លទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវតែគោរព ហើយសភាគួរតែត្រូវបានកោះប្រជុំ ។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត ដៃគូ និងអង្គការអន្តរជាតិរបស់យើង នៅពេលដែលយើងថ្កោលទោសចំពោះសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា និងអំពាវនាវឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មមានអគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង និងអនុសេនីរបស់គាត់គឺលោក សូ វីន ។ ដោយឡែកលោក ម្យីនត៍ ស្វេ អតីតមន្រ្តីយោធាដែលបច្ចុប្បន្នជាអនុប្រធានាធិបតីទី ១ របស់មីយ៉ាន់ម៉ា និងឧត្តមសេនីយទោ០៣រូបទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិក ៕ ប្រភព៖ Anadolu


