ក្រសួងសុខាភិបាលកម្ពុជាអនុម័តយកវ៉ាក់សាំងបង្កាកូវីដ១៩ចំនួន២ទៀត
អត្ថបទដោយ៖
Kien Sereyvuth
វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន២ទៀត ត្រូវបានក្រសួងសុខាភិបាលអនុម័តប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នៅថ្ងៃ សុក្រនេះ នៅទន្ទឹមនឹងការកំពុងប្រើប្រាស់ចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន។ វ៉ាក់សាំង២ចុងក្រោយ ដែលទើបបានអនុម័តនេះ គឹវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតដោយប្រទេសចិន និងវ៉ាក់សាំង AstraZeneca ដែលផលិតដោយប្រទេសអង់គ្លេស។ សេចក្តីរាយការណ៍របស់បណ្តាញReliefWeb បានថ្លែងថាវ៉ាក់សាំង AstraZeneca នេះត្រូវបានអង្គការ WHO បានធ្វើការទទួលស្គាល់តាំងពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១ ជាវ៉ាក់សាំងដែល មានប្រសិទ្ធភាពលើការបង្កាជម្ងឺកូវីដ១៩។ យោងតាមក្រសួងសុខាភិបាល វ៉ាក់សាំងទាំង២ស៊ីណូវ៉ាក់ និង AstraZeneca នេះ ត្រូវបានដាក់ឲ្យអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខាទី១២កុម្ភៈនេះទៅ។