អត្រាបំពុលអាកាសដោយចំហេះផូស៊ីលឥន្ធនៈ បានសម្លាប់មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់
ស្រាវជ្រាវ៖ អត្ថបទព័ត៌មានមួយរបស់ WEForum នៅថ្ងៃសុក្រនេះ បានដឹងបានថា អត្រាបំពុលអាកាសដោយឧស្ម័នកើតចេញពីផូស៊ីលឥន្ធនៈបានធ្វើឱ្យមនុស្សបាត់បង់ជីវិតម្នាក់ក្នុងចំណោមមនុស្សស្លាប់ប្រាំនាក់កាលពីឆ្នាំ 2018 ។ ការសិក្សាស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យ Harward ព្រមទាំងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបដល់ទៅ 8.7 លាននាក់ដោយសារការបំពុលនេះ ពោលមានចំនួនច្រើនជាងការបញ្ចូលគ្នានៃការស្លាប់ដោយសារជក់បារីនិងគ្រុនចាញ់។
ការបំពុលដោយផូស៊ីលឥន្ធនៈភាគច្រើនត្រូវបានគេមើលឃើញថា កើតឡើងដោយសារសារធាតុពុលចេញពីការទាញយករ៉ែ ធ្យូងថ្ម ប្រេងសាំង និងប្រេងម៉ាស៊ូតជាដើម។ ឧស្ម័នធម្មជាតិទាំងនោះ ត្រូវបានទាញយកមកប្រើប្រាស់បានបង្កើតជាឧស្ម័នពុលយ៉ាងខ្លាំងទៅក្នុងបរិយាកាសគំរាមកំហែងដល់សុខភាពរបស់មនុស្សលោក។ ផូស៊ីលឥន្ធនៈ កើតឡើងពីសំណល់រុក្ខជាតិនិងសត្វដែលងាប់រលួយកប់ក្នុងសំបកផែនដីរាប់លានឆ្នាំកន្លងមកហើយ។

ការស្រាវជ្រាវបានបង្ហាញបន្តថា តំបន់ដែលបានទទួលរងផលប៉ះពាល់ខ្លាំងដោយសារការបំពុលដោយផូស៊ីលឥន្ធ និងមានអត្រាអ្នកស្លាប់ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ តំបន់អ៊ឺរ៉ុប និងអាមេរិកខាងជើង។ កាលពីឆ្នាំ 2012 អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ផូស៊ីលឥន្ធនៈបានបញ្ចេញឧស្ម័នពុលបានសម្លាប់មនុស្សដល់ទៅ 10.2 លាននាក់។
សូមបញ្ជាក់ថា ដើម្បីដោះស្រាវបញ្ហាបំពុលដោយផូស៊ីលឥន្ធនៈ មកដល់ពេលនេះប្រទេសចិនបានក្លាយជាប្រទេសកាត់បន្ថយអត្រាបំពុលដោយសារផូស៊ីលឥន្ធនៈច្រើនជាងគេ ចាប់ពីចន្លោះឆ្នាំ 2012 ព្រមទាំងបានជួយសង្គ្រោះជីវិតមនុស្សដល់ទៅ 2.4 លាននាក់ក្នុងមួយឆ្នាំនៅទូទាំងសកលលោក បូករួមប្រជាជនចិនខ្លួនឯងចំនួន 1.5 លាននាក់ផងដែរ។ បច្ចុប្បន្នបញ្ហាបំពុលដោយផូស៊ីលឥន្ធនៈទៅលើបរិយាកាស និងសុខភាពរបស់មនុស្សនៅតែជាក្តីបារម្ភរបស់ថ្នាក់ដឹកនាំប្រទេសនីមួយក្នុងពិភពលោក៕