ការលក់យីហោអាជីវកម្មនៅថៃនឹងកើនឡើង 10 ភាគរយនៅក្នុងឆ្នាំនេះ
បាងកក៖ យោងតាមការអះអាងដោយនាយកដ្ឋានអភិវឌ្ឍអាជីវកម្មនៃប្រទេសថៃនៅថ្ងៃនេះបានបង្ហាញថាឧស្សាហកម្មជួញដូរយីហោ ឬ Franchise នៅក្នុងប្រទេសនឹងនៅតែអាចមើលឃើញមានការកើនឡើងប្រមាណជា 10 ភាគរយដដែលទោះបីជាស្ថានភាពកូវីដនៅតែបន្តផ្តល់ផលប៉ះពាល់ទៅដល់អាជីវកម្មទាំងឡាយក្តី។
នាយកដ្ឋានក៏បានបង្ហាញដែរថាតាមការស្រាវជ្រាវបានមើលឃើញថាមនុស្សជាច្រើនបាននាំគ្នាងាកទៅការបង្កើតអាជីវកម្មដោយខ្លួនឯងជំនួសឲ្យការចាយលុយទៅទិញយកប្រេនរបស់គេ ហើយជាពិសេសគឺពួកគេមិនមានបំណងចង់ធ្វើការឲ្យគេទៀតនោះទេ។
លោក Thosapone Dansuputra ប្រធាននាយកដ្ឋានបាននិយាយថាអាជីវកម្មលក់យីហោនៅក្នុងប្រទេសមានតម្លៃប្រមាណជា300 លានបាតកាលពីឆ្នាំទៅគឺមានការកើនឡើងប្រមាណជា 20 ភាគរយធៀបទៅនឹងទំហំត្រឹមតែ 250 ពាន់លានបាតកាលពីឆ្នាំ 2019 ហើយតាមការរំពឹងទុកអាជីវកម្មនេះសម្រាប់ឆ្នាំ 2021 នឹងមានចំនួនប្រមាណជា 330 លានបាត។
លោក Thosapone បានរៀបរាប់ទៀតថាអាជីវកម្មដែលមានយីហោស្រាប់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់បានអាជីវកម្មផ្ទាល់ខ្លួន និងប្រាក់ចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលាច្រើនជាមួយវានោះទេហើយថែមទាំងមិនចាំបាច់ទាមទារប្រាក់វិនិយោគខ្លាំងដូចជាការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងនោះទេ។
តាមពិតអាជីវកម្មយីហោពិតជាបានជួយកាត់បន្ថយកត្តាប៉ះពាល់ដល់សេដ្ឋកិច្ចមួយផ្នែកផងដែរ ជាពិសេសសម្រាប់អ្នកដែលអត់ការងារធ្វើនិងអាជីវករខ្នាតតូចទាំងឡាយណាដែលមិនដែលមានបទពិសោធក្នុងការដំណើរការអាជីវកម្មពីមុនមក។ មនុស្សដែលមិនមានចំណេះដឹងនិងបទពិសោធក្នុងការធ្វើអាជីវកម្ម ប៉ុន្តែបែរអាចរៀនសូត្រផង និងរកប្រាក់ចំណេញផងក្នុងពេលតែមួយ។
នាយកដ្ឋានអភិវឌ្ឍអាជីវកម្មក៏បានប្តេជ្ញាចិត្តផងដែរក្នុងការរៀបចំផែនការជាយុទ្ធសាស្ត្រដើម្បីឲ្យអាជីវកម្មទាំងឡាយអាចធ្វើឲ្យកាន់តែប្រសើរឡើងនូវជំនាញគ្រប់គ្រងអាជីវកម្មសម្រាប់ឆ្នាំ 2021 នេះ ជាពិសេសក្នុងអាជីវកម្មដែលមានយីហោ៕