អាល្លឺម៉ង់ប្រើលុយ1 ពាន់លានដុល្លារសុំដោះដូរទណ្ឌកម្មអាមេរិកចេញពីគម្រោងបំពង់បង្ហូរប្រេងជាមួយរុស្សី
បរទេស ៖ យោងតាមការសេចក្តីចេញផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះបានឲ្យដឹងថាភាពភ្ញាក់ផ្អើលសាជាថ្មីចំពោះបញ្ហានយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ក្រោយពេលមានលេចឮព័ត៌មានថារដ្ឋាភិបាលរបស់លោកស្រី Merkel បានប្រើប្រាស់លុយ 1 ពាន់លានដុល្លារដើម្បីទិញយកហ្គាសរបស់អាមេរិកជាថ្នូរសុំឲ្យអាមេរិកក្នុងការដកចោលផែនការដាក់ទណ្ឌកម្មមកលើគម្រោងបង្ហូរប្រេងរវាងខ្លួនជាមួយនឹងរុស្សី។
គម្រោងបង្ហូរប្រេងដែលត្រូវបានស្គាល់ឈ្មោះថា Nord Stream 2 គឺជាបំពង់បង្ហូរប្រេងខ្នាតយក្សអាចឲ្យរុស្សីបញ្ជូនហ្គាសត្រង់ទៅដល់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែកន្លងមកអាមេរិកតែងតែបានគំរាមកំហែងទៅដល់ក្រុមហ៊ុនឬប្រទេសណាដែលមានជាប់ពាក់ព័ន្ធទៅនឹងគ្រោងការណ៍មួយនេះដោយបានចោទប្រកាន់ថាអឺរ៉ុបបច្ចុប្បន្នគឺកំពុងតែពឹងផ្អែកខ្លាំងទៅលើថាមពលរបស់ប្រទេសរុស្សី។
ប្រភពដដែលបានសរសេរទៀតថាក្រុមកិច្ចការងារ បរិស្ថាន ឬ DUH កាលពីសប្តាហ៍នេះបានធ្វើការបង្ហោះ
លិខិតបែកធ្លាយមួយដែលធ្វើតាំងតែពីខែសីហាដោយលោក Olaf Scholz រដ្ឋមន្ត្រីហរិញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់ផ្ញើទៅកាន់លោក Steve Mnuchin ដែលបច្ចុប្បន្នជាប្រធានរតនាគារជាតិអាមេរិក។
នៅក្នុងលិខិតលោក Scholz បានផ្តល់សំណើរជាការបញ្ជាទិញហ្គាស LNG ពីប្រទេសអាមេរិកក្នុងតម្លៃប្រមាណជា 1 ពាន់លានដុល្លារទៅកាន់ផែសមុទ្ររបស់អាល្លឺម៉ង់ប្រសិនបើអាមេរិកនឹងយល់ព្រមក្នុងការលប់ចោលទណ្ឌកម្មទាំងឡាយទៅលើគម្រោង Nord Stream 2 ។
គួរឲ្យដឹងដែរថាកន្លងមក Nord Stream 2 គឺត្រូវបានទទួលរងការប្រឆាំងដោយមេដឹកនាំនៃប្រទេសជិតខាងអាល្លឺម៉ង់ជាច្រើនរួចមកហើយដែលវាកំពុងបានដាក់សំពាធឲ្យលោកស្រី Merkel ក្នុងកាពិចារណាលប់គម្រោងនេះចោលទៅវិញ និងជាពិសេសចុងក្រោយដោយសារហេតុការណ៍បំពុលមេដឹកនាំបក្សប្រឆាំងរបស់រុស្សីលោក Alexei Navalny។
ក្រុម DUH ក៏បានពិពណ៍នាលិខិតនោះទៀតថាជារឿងអាស្រូវ និងកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ហើយកំពុងបានដាក់ការចោទប្រកាន់លោក Scholz ផងដែរនៅក្នុងផែនការដោះដូរ
ហ្គាសជាមួយនឹងអាមេរិកមួយនេះ៕