អ្នកចូលរួម «ជិះកង់នៃក្តីស្រឡាញ់» ១៤កុម្ភៈនៅខេត្តព្រះសីហនុជិះដោយរីករាយ ខណៈអភិបាលខេត្តតៀមបិទផ្លូវទាំងអស់មិនឲ្យមានអ្វីជាឧបសគ្គសម្រាប់អ្នកជិះ

អត្ថបទដោយ៖
សារ៉ាន ទីងី

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រាប់តាមប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញថា អ្នកចូលរួមជិះកង់នៃក្តីស្រឡាញ់» នៅខេត្តព្រះសីហនុ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខានស្អែកនេះ សូមចូលរួមជិះដោយភាពកក់ក្តៅ និងទទួលយកនូវរីករាយនៃភាពស្រស់ត្រកាលតំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញរបស់កម្ពុជាមួយនេះ។ ឯកឧត្តមសូមគោរពជម្រាបជូនដល់សាធារណជនថា ការរៀបចំទិវាកីឡាទេសចណ៍ «ជិះកង់នៃក្តីស្រឡាញ់» នៅខេត្តព្រះសីហនុនេះ គណៈកម្មការរៀបចំទទួលបានការចុះឈ្មោះចូលរួមពីកីឡាករ កីឡាការិនីកម្រិតជំនាញ ក្នុងចម្ងាយ៤០គីឡូម៉ែត្របានជិត១០០នាក់។ ចំណែកឯអ្នកជិះកង់លក្ខណៈគ្រួសារ ដៃគូមិត្តភ័ក្ត្រលក្ខណៈកម្សាន្តលើចម្ងាយ២៥គីឡូម៉ែត្រ និង១៥គីឡូម៉ែត្រ ដែលនឹងជិះតាមដងផ្លូវតាមឆ្នេរសមុទ្រដែលមានសោភ័ណ្ឌភាពដ៏ស្រស់ត្រកាល ដែលអាចស្រូបបាននូវខ្សល់អាកាសល្អ ក្នុងការប្រណាំងកង់ដោយធ្វើឲ្យអ្នកចូលរួមទាំងអស់រំភើប និងសប្បាយរីករាយជាក់ជាមិនខាន។ ចំនួនអ្នកចុះឈ្មោះចូលរួមទាំងអស់មានជាង២០០នាក់ហើយ។ ឯកឧត្តមសង្កត់ធ្ងន់ថា «សម្រាប់ការជិះកង់លើវិញ្ញាសាជំនាញ ៤០គីឡូម៉ែត្រនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនឹងបិទផ្លូវការឆ្លងកាត់ផ្សេងៗឲ្យជិតតែម្តង ដើម្បីផ្តល់ភាពកក់ក្តៅ សុវត្ថិភាពខ្ពស់បំផុតដល់ការប្រណាំងនេះឲ្យកាន់តែល្អប្រសើរតែម្តង។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានបញ្ជាក់ដែរថា សម្រាប់កីឡាករ កីឡាការិនីនានា ដែលមិនស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារ អាចយកតង់ដោយខ្លួនឯងទៅបោះនៅតាមឆ្នេរសមុទ្រ អូឈើទាល ដែលគណៈកម្មការនឹងរៀបចំទីតាំងជូនប្រកបដោយសុវត្ថិភាព និងមានបន្ទាប់ទឹកអនាម័យផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈនេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរដែនដី គឺរដ្ឋបាលខេត្តព្រះសីហនុផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner