អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទគោកចក

អត្ថបទដោយ៖
Kien Sereyvuth

ប្រាសាទគោកចក បានទទួលរងនូវការទ្រុឌទ្រោមធ្ងន់ធ្ងរពីសំណាក់រុក្ខជាតិតូចធំគ្រប់ប្រភេទដុះ
ចាក់បំបែកប៉មទាំងពីរបណ្តាលឱ្យស្រទាប់ឥដ្ឋនីមួយៗផ្នែកខាងលើនៅតែបន្តរលុះបាក់ដោយអន្លើៗ។

លោកស្រី ឈុន រតនា ជាមន្ត្រីបច្ចេកទេសអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាកិច្ចការទល់ទ្រ
សង្រ្គោះបន្ទាន់បានធ្វើឡើងនៅក្លោងទ្វារខាងកើតនិងជញ្ជាំងខាងលិចនៃប៉មខាងត្បូងនាឆ្នាំ២០១២កន្លងទៅ។

លោកស្រីបានបន្ថែមថា ទោះបីជាមានការទល់ទ្រត្រង់ចំណុចខាលើ កន្លងមក ដុំឥដ្ឋមួយចំនួននៅតែបន្តរលុះធ្លាក់ជាប្រចាំនៅរដូវភ្លៀង ដូចនេះគម្រោងជួសជុលលើរចនាសម្ពន្ធ
ឥដ្ឋបានអនុវត្តឡើងជាផ្នែកៗនៅប៉មខាងត្បូងចាប់ពីខែ កញ្ញា ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ នាដំណាក់កាលទី១ ហើយរាល់បច្ចេកទេសនៃការជួសជុលប្រាសាទគោកចក គឺមន្ត្រីជំនាញទាំងអស់បានប្រើប្រាស់នូវទ្រឹស្តីនិងទស្សនផ្នែកអភិរក្សលើវិស័យបេតិកភណ្ឌ ដោយគោរពលើបទដ្ឋានអភិក្ស និងច្បាប់ទម្លាប់នានាសម្រាប់ការពារនិងថែរក្សាសំណង់បុរាណ រួមទាំងគិតទៅលើការប្រើប្រាស់សម្ភារថ្មីនិងចាស់បូកបញ្ចូលគ្នាផងដែរដោយរក្សាបានគុណតម្លៃជាប្រវត្តិផ្នែកសិល្បៈនិងប្រវត្តិសំណង់ស្ថាបត្យកម្មនៃប្រាសាទគោកចក។

ជាលទ្ធផលលើគម្រោងអភិរក្សនប្រាសាទគោកចកគឺបានបញ្ចប់កិច្ចការជួសជុលពង្រឹង
ឥដ្ឋដោយផ្នែកៗនៅប៉មទាំងពីរដូចជា ទទួលបាននូវភាពរឹងមាំឡើងវិញត្រង់រចនាសម្ពន្ធខ្លោងទ្វារខាងកើតនិងជញ្ជាំងខាងត្បូងនៃប៉មខាងត្បូង និងបន្តពង្រឹងជញ្ជាំងឥដ្ឋជ្រុងនិរតីនៃប៉មខាងជើង។

ចំណែកសម្រាប់ផែនការនាអនាគ ប្រាសាទគោកចកនឹងគ្រោងបន្តកិច្ចការអភិរក្សនិងជួសជុលបន្ថែមនាដំណាក់កាលទី២ក្នុងឆ្នាំ២០២២នៅប៉មខាងត្បូងផ្នែកខាងលិច។

សូមបញ្ជាក់ថា ប្រាសាទគោកចកគឺជាប្រាសាទឥដ្ឋដែលមានចំនួន២ប៉មសង់ទន្ទឹមគ្នាបែរមុខទៅទិសខាងកើតក្នុងរាជព្រះបាទជ័យវរ័ន្មទី៣នាចន្លោះឆ្នាំ ៨៥០គ.ស ដល់ ៨៧៧គ.ស.សម្រាប់ឧទ្ទិសដល់ព្រះនរាយណ៍។ ចំណែកសិលាចារិនៃប្រាសាទគោកចក (K.521) ក៏បានអធិប្បាយផងដែរអំពីកាលបរិច្ឆេទសាងសង់ប្រាសាទគោកចក្នុងឆ្នាំ ៨៥០គ.ស។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner