ភ្ញៀវទេសចរជាង១០ម៉ឺននាក់ទៅទស្សនាខេត្តកំពតក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ២០២១

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានមន្ទីរទេសចរណ៍កំពត លោក សយ ស៊ីណុល បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅក្នុងខេត្តកំពតកាន់តែមានចំនួនច្រើនឡើងៗ ពោលគឺស្ទុះដល់ប្រមាណជាង ១០ ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១២ដល់ថ្ងៃ១៤កុម្ភៈ ឆ្នាំ២០២១។ លោកប្រធានមន្ទីរបានឱ្យដឹងថា រយៈពេល៣ថ្ងៃ ខេត្តកំពត ទទួលបានភ្ញៀវទេសចរសរុប១០ម៉ឺន២ពាន់២៦ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១០ម៉ឺន១ពាន់៣០២នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ៧២៤ នាក់។
លោកបានបន្តថា ដោយមានការណែនាំយ៉ាងហ្មត់ចត់ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពត លោក ជាវ តាយ មន្ត្រីជំនាញនៅតាមមន្ទីរ អង្គភាព ស្ថាប័ននានា ពិសេសមន្ទីរទេសចរណ៍ខេត្តកំពតបានចុះពង្រឹងការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងការណែនាំពីវិធានអនាម័យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលយ៉ាងយកចិត្តទុកដាក់។ លោក សយ ស៊ីណុល ក៏បានបញ្ជាក់ដែរថា ចំពោះការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត ក៏នៅតែប្រព្រឹត្តយ៉ាងល្អប្រសើរផងដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត ជាវ តាយ ពោលគឺគ្មានបញ្ហាអ្វីចោទឡើងគួរឱ្យកត់សម្គាល់ឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner