ក្រសួងសុខាភិបាលពង្រឹងបន្ថែមវិធានការការពារ ស្របពេលរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ៣ករណី
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចាត់វិធានការ យ៉ាងតឹងរ៉ឹងមួយចំនួនបន្ថែមទៀត ស្របពេលដែលកម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីចំនួន៣ករណី ដែលជាករណីនាំចូល។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសក្ខវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់ របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកម្សាន្តទៅកាន់ស្រុក កំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្ត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលបានធ្វើជារឿយៗ។
ក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដូចជាវិធាន៣ការពារ៖
១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។
និងត្រូវអនុវត្តវិធានការ ៣កុំ៖
១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក (Avoid crowded places)។
២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក (Avoid close settings)។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម (Avoid close contacts) និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ (Social and individual distancing)។