ក្រសួងអប់រំ អំពាវនាវដល់មន្ទីរក្រោមឱវាទ និងសហព័ន្ធកីឡាជាតិទាំងអស់ ជម្រុញការផ្សព្វ ផ្សាយយុទ្ធនាការ យុវជនម្នាក់លេងកីឡាមួយប្រភេទ ដើម្បីត្រៀម SEA Games ២០២៣

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់មន្ទីរក្រោមឱវាទ និងសហព័ន្ធកីឡាជាតិទាំងអស់ចូលរួម ជម្រុញការផ្សព្វផ្សាយយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដនៅកម្ពុជា ដែលយើងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ។ នេះបើតាមលិខិតរបស់ក្រសួង អប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។

ក្នុងលិខិតបានបញ្ជាក់ថា ផ្អែកតាមសន្និបាតបូកសរុប ការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានដាក់ចេញនូវយុទ្ធនាករចលនាជាតិ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ក្នុងគោលបំណងឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងបានស្គាល់ពីប្រភេទកីឡា ដែលមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងបានស្គាល់អំពីគុណតម្លៃនៃការលេងកីឡា។ ដើម្បីអោយចលនានេះ ដំណើរការដោយរលូន និងមានសប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា បានស្នើអោយឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន ចូលរួមបំផុស និងផ្សព្វផ្សាយគ្រប់សកម្មភាពកីឡា រួមទាំងព្រឹត្តិការណ៍កីឡា ដល់ប្រជាជន ដោយរៀបចំដាក់ពាក្យស្លោក អបអរសាទរ យុទ្ធនាការចលនាប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ឲ្យបានទូលំទូលាយ និងផុលផុស ៕
