ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនជាអ្នករត់តាក់ស៊ីសុំកុំដឹកពលករដែលមកពីថៃដោយគេចវេសមិនបានធ្វើចត្តាឡីស័ក
ក្នុងពេលចុះជួបសំណេះសំណាលជាមួយនិងបងប្អូនជាអ្នកប្រកបមុខរបររត់តាក់ស៊ី នៅចំណតរថយន្តផ្សារកំរៀង ស្ថិតក្នុងស្រុកកំរៀង នៅថ្ងៃព្រឹកថ្ងៃទី១៦ខែកុម្ភៈ២០២១នេះ ឯកឧត្តម ងួន រតនៈ បានថ្លែងអំពាវនាវដល់បងប្អូនជាអ្នករត់តាក់ស៊ីសូមមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាលនូវក្នុងការទប់ស្កាត់ឲ្យបាន និងកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ទៅក្នុងសហគមន៍កម្ពុជាយើង ដោយបងប្អូនទាំងអស់ ត្រូវកុំដឹកពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ហើយបានគេចវេសមិនព្រមចូលធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនិងការណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកន្លងមក ។
ឯកឧត្តមបានថ្លែងលើកឡើងបន្ថែមថា៖ សូមបងប្អូនទាំងអស់មានការយោគយល់នូវក្នុងការចូលរួមទាំងអស់គ្នាជាមួយនិងអាជ្ញាធរនុងសមត្ថកិច្ចកងកម្លាំងជំនាញពាក់ព័ន្ធដែលមាននៅក្នុងមូលដ្ឋានខ្លួនជាមុន ដើម្បីបញ្ចៀសពីការឆ្លង និងការចម្លងពីមេរោគកូវីដ-19 ដល់ខ្លួនយើងផ្ទាល់ ក្រុមគ្រួសារយើង សហគមន៍យើងនិងប្រទេសជាតិយើងទាំង មូល។ ប្រសិនបើបងប្អូនអ្នករត់តាក់ស៊ី មិនបានចូលរួមនូវវិធានសុខាភិបាលនិងពីការទប់ស្កាត់ដែលបាន លើកឡើងខាងដើមទេនោះ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានរំលឹកទៀតថា៖ បងប្អូន មិនត្រូវឃុបឃិត ជាមួយក្រុមមេខ្យល់ ឬក៏មន្ត្រីសមត្ថកិច្ចណាមួយ ដែលបានលួចនាំពលករឆ្លងដែនខុសច្បាប់ និងគេចវេសពីការធ្ចើចត្តាឡីស័ក និងបង្កធ្វើឲ្យមានការព្រួយបារម្ភទៅដល់សហគមន៍នោះទេ។ ហើយអ្វីដែលបងប្អូន ប្រុងប្រយ័ត្នជាមុននោះ គឺ៖មុននឹងដឹកពលករ ក៏ត្រូវធ្វើការសួរនាំនិងដេញដោល និងសួររកលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាល ថា៖ ពួកគាត់បានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃរួចហើយសិន ចាំដឹកពួកគាត់។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានសង្កត់ធ្ងន់បន្តទៀតថា៖បងប្អូនអ្នកជារត់តាក់ស៊ី ក៏ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រូវចេះភ័យខ្លាចផងដែរពីការឆ្លងនូវជំងឺកូវីដ-19នេះ។ព្រោះថាបើមានករណីពលករណាម្នាក់មានផ្ទុកជំងឺនេះ ដោយមិនបានធ្វើការព្យាបាលត្រឹមត្រូវ វាអាចប្រឈមទៅនឹងការឆ្លងរាលដាល មុនគេទៅលើបងប្អូនអ្នករត់តាក់ស៊ី ដែលបានដឹកជញ្ជូនពួកគេ ហើយបញ្ហាបែបនេះវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងតែម្នាក់នោះទេ? គឺវាបានបង្កផលវិបាកនិងបញ្ហាដល់គ្រួសារខ្លួន និង សហគមន៍ក្នុងមូលដ្ឋានទាំងមូល ទៀតផង។នោះប្រសិនបើគេរកឃើញថា៖ មានការឃុបឃិតនូវរួមគំនិតក្នុងការប្រព្រឹត្តនូវអំពើបិទបាំងលាក់លៀម និងលួចដឹកពលករ គេចវេសពីការធ្វើចត្តាឡីស័កនេះ ក៏នឹងទទួលទោសតាមច្បាប់បានកំណត់ផងដែរ ហើយដែលប្រការទាំងនេះបងប្អូនត្រូវមានការប្រុងប្រយ័ត្ននិងជួយប្រាប់គ្នីគ្នាឲ្យបានគ្រប់ៗគ្នា ពីបញ្ហាប្រឈមទាំងនេះ ។
បើតាមការលើកឡើងពីបងប្អូនអ្នករត់តាក់ស៊ី ក៏បានឲ្យដឹងដែរថា៖ ពួកគេបានយល់ច្បាស់ពីវិធានការទប់ស្កាត់នៃជំងឺកូវីដ-19 និងបានចូលរួមជាមួយអាជ្ញាធរក៏ប៉ុន្តែចំពោះបញ្ហានៃការដឹកភ្ញៀវនេះ ដោយសារតែមានអ្នកខ្លះ មិនបានប្រាប់ពីព័ត៌មានពិតប្រាកដនូវដំណើររបស់ខ្លួនមកពីណានោះទេ? ដោយប្រាប់ថា អ្នកស្រុកនៅជាប់ព្រំដែន ឬ អ្នកខ្លះមកស្វែងរករថយន្តដោយខ្លួនឯងទើបពួកគាត់ដឹកភ្ញៀវទាំងនោះទៅគោលដៅដែលភ្ញៀវចង់ទៅដោយមិនបានសួរអ្វីបន្ថែម ពាក់ព័ន្ធនឹងការឃុបឃិតដឹកពលករ គេចវេសដោយមិនធ្វើចត្តាឡីស័កនេះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានធ្វើការរឹតបន្តឹង ដោយបានធ្វើការឃាត់រថយន្តដឹកពលករ រួមទាំងអ្នកបើកបរ ព្រូឡាន និងបងប្អូនពលករទាំងនោះ ត្រូវបានបញ្ជូនឲ្យទៅធ្វើចត្តាឡីស័ក និង អ្នកប្រើមធ្យោបាយដឹកជញ្ជូន កំពុងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត៎ដំបងក៏បានជម្រុញឲ្យសមត្ថកិច្ចនគរបាលជំនាញ នៅក្នុងមូលដ្ឋានដែលបានដាក់គោលដៅក្បែរនេះ សូមសហការចូលរួមក្នុងការជួយទប់ស្កាត់ពិនិត្យមើលពីការលើកឡើងរបស់បងប្អូនអ្នកបើកបររថយន្តតាក់ស៊ីដើម្បីលុបបំបាត់នូវបាតុភាពអសកម្មកើតឡើងទាំងនេះ ឲ្យបានទាន់ពេលវេលា ចៀសវាងមានការថ្លោះធ្លោយ ដោយប្រការផ្សេងៗ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )