ម្ចាស់កង់បីឥណ្ឌា ត្រូវរថយន្ដបែនដឹកដីបុករះខ្ទេច កាលពីយប់មិញ បានស្លាប់ហើយ ខណៈបុរសនារី២នាក់ទៀតរបួសធ្ងន់ស្រាល
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តបែនដឹកដីមួយគ្រឿង បុករះម៉ូតូកង់បីឥណ្ឌា រួចបន្តបុករុញរថយន្តព្រូសទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ជាតៃកុងកង់បីឥណ្ឌា ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈ ខណៈនារីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ទៀត រងរបួសស្រាល កំពុងតែសំរាកព្យាបាលនៅគ្លីនិចឯកជន។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចស្តុបបាគូ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ភាគីរថយន្តបែនដឹកដី ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2760 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុករះពីក្រោយគូទកង់បីឥណ្ឌាមួយគ្រឿង ហើយរុញទៅបុករថយន្តម៉ាកព្រូសមួយគ្រឿង រួចរុញទៅបុកពីក្រោយគូទរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលឈប់ស្របទិសគ្នារងចាំភ្លើងស្តុប។
តាមរបាយការណ៍បញ្ជាក់ថា ម៉ូតូកង់បីឥណ្ឌា ពាក់ស្លាកលេខ ភ្នំពេញ 1GS-6894 បើកបើដោយឈ្មោះ សុខ គឹមហេង ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅ នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុម:។ ចំណែកអ្នករួមដំណើរ ឈ្មោះ ភ្រូ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បានរងរបួសធ្ងន់ និងឈ្មោះ យូ ខេលី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំជាមួយគ្នា បានរងរបួសស្រាល។ ចំពោះរថយន្តកុងទីន័រ បើកបរដោយឈ្មោះ គៀម នោ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ នៅខេត្តរតន:គិរី ពុំមានរងរបួស។ រីឯភាគីរថយន្តម៉ាកតូយ៉ូតាព្រូស ពាក់ស្លាក់លេខ ភ្នំពេញ 2BA-4719 បើកបរដោយឈ្មោះ ក្រាញ់ បូរី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្តតាកែវ ពុំមានរងរបួស។
សូមបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ ចរាចរណ៍នេះ គឺបណ្ដាលមកពីភាគីរថយន្តបែនដឹកដីម៉ាក់នីសសាន់ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុរះម៉ូតូកង់បីឥណ្ឌា រថយន្តព្រូស និងរថយន្តកុងតឺន័រ បណ្តាលឲ្យម៉ូតូកង់បីកង់បីឥណ្ឌា និងរថយន្តព្រូសខូចខាតយ៉ាងដំណំ។ ចំណែកឯរថយន្តកុងតឺន័រខូចខាតបន្តិចបន្តួច រួមទាំងរថយន្តបង្កម៉ាក់នីសាន់រងការខូចខាតបន្តិចបន្តួចដូចគ្នា។
បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត