កិច្ចប្រជុំគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម
សៀមរាប៖ ឯកឧត្តម សូ ខនរិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស) និងឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ស្តីពីពិនិត្យ ពិភាក្សាសេចក្តី ព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការគ្រប់គ្រងការ ប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាក់ព័ន្ធចំនួន ៤២រូបចូលរួម នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
បន្ទាប់ពីការធ្វើបទបង្ហាញដោយ លោក ដាញ់ សេរី ប្រធាននាយកដ្ឋាន EIA និងជាប្រធានលេខាធិការដ្ឋាន( គ.ម.ប.ស) បានលើកឡើងពីរបាយការណ៍វឌ្ឍនភាពការងារសម្រាប់ឆ្នាំ២០២០ និងការលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ ២០២១ របស់ក្រុមការងារលេខាធិការដ្ឋាន គ.ម.ប.ស. និងមន្ត្រីជំនាញធ្វើបទបង្ហាញពីសេចក្តីព្រាងប្រកាសអន្តរ ក្រសួងស្តីពីនីតិវិធីនៃការគ្រប់គ្រងការ ប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ។
ក្នុងកិច្ចប្រជុំឯកឧត្តមប្រធាន និងអនុប្រធានបានផ្តល់អនុសាសន៍សំខាន់ៗ ដូចជាគម្រោងដែលផ្តល់មូលនិធិមានការជួបឧបស័គ្គជំងឺរាតត្បាតសកលកូវីដ១៩ តែក៏មានគម្រោងខ្លះមិនប៉ះពាល់ដែរ ការផ្តល់មូលនិធិត្រូវមានការជ្រើសរើសគម្រោងដែលមានអាទិភាព និងចំគោលដៅ ផ្តល់មូលនិធិដល់គម្រោងអនុវត្តមានប្រសិទ្ធភាព យើងបានផ្តល់មូលនិធិសម្រាប់កិច្ចគាំពារបរិស្ថាន ក្នុងការចុះបោះបង្គោលព្រំក្នុងដែនជម្រកសត្វព្រៃ ផ្តល់ជូនសង្ឃរុក្ខវ័ន្តជាដើម។
ឯកឧត្តមប្រធានអង្គប្រជុំបានលើកឡើងថា៖ដើម្បីគ្រប់គ្រងការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាននិងសង្គមតាមនីតិវិធីឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សូមឱ្យលេខាធិការដ្ឋានទទួលយកមតិយោបល់អង្គប្រជុំយកទៅកែលម្អ និងបំពេញបន្ថែមឱ្យសេចក្តីព្រាងកាន់តែល្អប្រសើរ ដើម្បីស្តារបរិស្ថាន កិច្ចគាំពារបរិស្ថាន អភិរក្សជីវចម្រុះ ប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ៕ ដោយ / គ្រី សម្បត្តិ