សម្តេចតេជោ ហ៊ុន សែន ស្នើហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករ ឬវិនិយោគលើវិស័យស្រូវអង្ករ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជា សល់អង្ករប្រមាណជា ៦លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការស្នើឲ្យទិញអង្ករពីកម្ពុជា សម្តេចតេជោ ស្នើហ្វីលីពិន ជំរុញ អ្នកវិនិយោគមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារ ចូលជួបសម្តែងការគួរសម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតហ្វីលីពិន គូសបញ្ជាក់ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។ ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគនេះ គឺលោកស្រី នឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀង ដែលមាន ស្រាប់ និងបានចុះហត្ថលេខាហើយនោះ។ លោកស្រី នឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសទាំង ពីរមានរួមគ្នា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងក្នុងជំនួបនោះថា ជាការពិតជំងឺកូវីដ១៩ ពិតជាបានធ្វើឲ្យមានការផ្អាកសកម្មភាព សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន។ ប៉ុន្តែគប្បីមានការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយគប្បីពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន-ចិន និង ASEM ។ កម្ពុជាមានអង្ករនៅសល់ប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ សម្តេចស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពអំពីស្ថេរភាព ស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសហ្វីលីពីន។ និងបានផ្តល់គំនិតឲ្យហ្វីលីពីន មកដាក់ទុន វិនិយោគនៅក្នុងកម្ពុជា តាមរយៈការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញ ស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីនជាដើម។

សម្ដេចតេជោ គូសបញ្ជាក់ថា «យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពលនៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក»

ឯកអគ្គរដ្ឋទូត សម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបានសុខ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជាឲ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ។

សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ ជូនលោកប្រធានាធិបតីហ្វីលីពីន និងបានជូនពរលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន ទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner