ក្រុង-ស្រុកចំនួនប្រាំមួយក្នុងខេត្តព្រៃវែង បានបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង

អត្ថបទដោយ៖
AMS

 ខេត្តព្រៃវែង៖ ក្រុងព្រៃវែងនិងស្រុកចំនួនប្រាំមួយក្នុងខេត្តព្រៃវែង បានក្លាយ​ជាក្រុងនិងស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (Open Defecation Free) ប្រកាសទទួលស្គាល់នៅថ្ងៃទី17 ខែកុម្ភះ ឆ្នាំ 2021 នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងប្រាំមួយនោះ ​​​រួមមានស្រុកស្វាយអន្ទរ​​​ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុកកំពង់ត្របែក​។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា “ព្រៃវែងជាខេត្តមួយក្នុងចំណោមខេត្តគោលដៅផ្សេងទៀតដែលមានចក្ខុវិស័យក្លាយជាខេត្តដែលបញ្ឈប់បន្ទោបង់​ពាលវា​លពាសកាលទាំងស្រុងនៅឆ្នាំ 2023 ស្របតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ 2019 -2023”។ លោកស្រីបន្តថា កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន រួមមានក្រសួង​អភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជននៅក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា នេះមោទនភាពរបស់ខេត្តព្រៃវែងក្នុងការលើកកម្ពស់បញ្ហាអនាម័យប្រជាពលរដ្ឋរបស់ខ្លួន ពិសេជំរុញកំណើនបង្គន់អនាម័យ ស្របតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ “ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញខេត្តព្រៃវែងទទួលបានជោគជ័យលឿនបែបនេះ ខ្ញុំជឿថាផែនការទាំងអស់នេះនឹងអាចសម្រេចបាននៅត្រឹមឆ្នាំ 2023 ខាងមុខ។ ការលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យបានល្អប្រសើរបែបហ្នឹង ជាចំណែកដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាពគ្រួសារ ពិសេសសុខភាពរបស់កុមារដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិនៅថ្ងៃអនាគត”។

ក្នុងចំណោមក្រុងនិងស្រុកទាំងប្រាំបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ មានប្រជាជនសរុបទាំងអស់ 19.251 នាក់បានប្រើប្រាស់​បង្គន់អនាម័យ។​ ក្រុងព្រៃវែងមានគ្រួសារសរុប 6.083 គ្រួសារនិងផ្ទះចំនួន 5.219 ហើយមានបង្គន់សរុបចំនួន 5.056 និងមានបង្គន់រួមចំនួន 163 បង្គន់អនាម័យ។ តាមរយៈតួលេខនេះបង្ហាញថាទីក្រុងព្រៃវែង ជាទីក្រុងដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមួយរយភាគរយ។

ក្នុងឆ្នាំ 2011 រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានក្លាយជាអ្នកទទួលជំនួយឥតសំណងរយៈពេលប្រាំឆ្នាំពីមូលនិធិអនាម័យសកល (GSF) ក្នុងគោលបំណងបង្កើនការទទួលបានអនាម័យកាន់តែប្រសើរឡើង និង​លើក​កម្ពស់​ការអនុវត្ត​អនាម័យត្រឹមត្រូវនៅតាមជនបទនៅកម្ពុជា។ អង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានជ្រើសរើសជាភ្នាក់ងារប្រតិបត្តិ (EA) សម្រាប់កម្មវិធីនេះ ហើយសកម្មភាពនៃកម្មវិធីត្រូវបានអនុវត្តដោយអង្គការដៃគូអនុវត្តក្នុងស្រុក និងអន្តរជាតិ និងមន្ទីរអភិវឌ្ឍន៏ជនបទនានារបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលខែកក្កដា ឆ្នាំ 2021 កន្លងទៅ អង្កការភ្លែនអន្តរជាតិបានចាប់ផ្តើម​កម្មវិធី​ “ការចាប់ផ្តើម​ជាមួយសុខភាពល្អ”​ ដោយរួមបញ្ចូលនៃកម្មវិធីទឹកស្អាតនិងអនាម័យ​ កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធី​គាំពារ​​ និង​អភិវឌ្ឍ​កុមារតូច។ តាមរយៈកម្មវិធីនេះនឹងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា​ ដើម្បីសម្រេចគោលដៅ​យុទ្ធសាស្ត្រ​លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យនៅឆ្នាំ 2030។

គិតត្រឹមនៅដើមឆ្នាំ 2021នេះ ទូទាំងប្រទេសកម្ពុជា មានក្រុងមួយនិងស្រុកចំនួនដប់បានបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាលទាំងស្រុង រួមមាន ស្រុកបន្ទាយមាស ខេត្តកំពត ប្រកាសឆ្នាំ 2016 ស្រុកស្វាយទាប ខេត្តស្វាយរៀង 2018 ស្រុករំដួល ខេត្តស្វាយរៀងនៅឆ្នាំ 2019 ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឆ្នាំ 2020 ស្រុកជុំគីរី ខេត្តកំពត ប្រកាសនៅខែមីនា ឆ្នាំ 2020 ព្រមទាំងក្រុងនិងស្រុកចំនួនប្រាំមួយនៅខេត្តព្រៃវែងខាងលើក្នុងឆ្នាំ 2021៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner